(អាស៊ាន)៖ មន្ត្រីយោធាជើងទឹក មកពីប្រទេសអាស៊ាន នឹងរួមគ្នាជាមួយកងទ័ពជើងទឹកអាមេរិក នៅក្នុងការធ្វើសមយុទ្ធយោធារួមគ្នា ជាលើកដំបូង មិនធ្លាប់មានពីមុនមក នៅក្នុងគោលបំណងថ្មីមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការគម្រាមកំហែងសន្តិសុខ ដែនទឹកក្នុងតំបន់អាស៊ីអាគ្នេយ៍, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៤ ខែសីហានេះ។

សមយុទ្ធជើងទឹកអាស៊ាន-អាមេរិក រយៈពេល៥ថ្ងៃនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញាខាងមុខ ក្នុងតំបន់ Cape of Ca Mao ស្ថិតក្នុងប្រទេសវៀតណាម។

មេបញ្ជាការកងនាវាចម្បាំងថៃ លោក ​Rear Adm Somphong Nakthong ត្រូវបានតែងតាំងជាមេបញ្ជាការ នៃសមយុទ្ធ ដែលគេឲ្យឈ្មោះថា «CTF» នេះ ខណៈលោក Matt Jerbi មេបញ្ជាការអង្គភាពយោធា US Destroyer Squadron 7 របស់អាមេរិក នឹងធ្វើជាមេបញ្ជាការរង។

សមយុទ្ធ CTF នឹងមានការចូលរួមពីនាវាចំនួន៨គ្រឿង និងយន្តហោះចំនួន២គ្រឿង ដែលនឹងធ្វើប្រតិបត្តិការទាំងជើងទឹក និងជើងអាកាស នៅក្នុងសមយុទ្ធនេះ។

ពួកគេនឹងធ្វើដំណើរ ចេញពីតំបន់ជ្រោយ Strait of Malacca ជិតប្រទេសម៉ាឡេស៊ី និងនៅជិតតំបន់ឆ្នេរសមុទ្រវៀតណាម។ គោលដៅ នៃសមយុទ្ធនេះ ​គឺដើម្បីអនុវត្តការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ លើនាវា។

ក្រុមមន្ត្រីជឿជាក់ថា សមយុទ្ធនេះ នឹងត្រួសត្រាយផ្លូវ ធ្វើឲ្យកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរឡើង និងការផ្លាស់ប្តូរព័ត៌មានការពារ តំបន់អាស៊ីអាគ្នេយ៍ ប្រឆាងនឹងការគម្រាមកំហែងដែនទឹក៕