(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA នាថ្ងៃអាទិត្យនេះ បានបញ្ជាក់ថា ការធ្វើតេស្តបាញ់មីស៊ីល កាលពីថ្ងៃសៅរ៍ម្សិលមិញ គឺជាថ្មីម្តងទៀតបានប្រព្រឹត្តទៅក្រោមការដឹកនាំផ្ទាល់របស់លោក គីម ជុងអ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន KCNA ក៏បានបញ្ចេញរូបភាពជាច្រើនសន្លឹកផងដែរ បង្ហាញពីទិដ្ឋភាពនៃការធ្វើតេស្តសព្វាវុធទើបអភិវឌ្ឍថ្មី ដែលខ្លួនអះអាងថា គឺជាប្រព័ន្ធអាចបាញ់មីស៊ីលធំៗបានច្រើនគ្រាប់ក្នុងពេលតែមួយ ហើយការបាញ់សាកល្បងប្រព្រឹត្តទៅដោយជោគជ័យ។ ប្រព័ន្ធបាញ់មីស៊ីលនោះ មើលទៅមានរូបរាងស្រដៀងទៅនឹងប្រព័ន្ធមីស៊ីល S-300 ក៏ដូចជា S-400 របស់ប្រទេសរុស្ស៊ី គឺមានបំពង់សម្រាប់បាញ់មីស៊ីលចំនួន៤ដើម។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍ យោធាកូរ៉េខាងត្បូង បានប្រាប់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីចំនួន២គ្រាប់ថ្មីទៀត ចេញពីឆ្នេរភាគខាងកើត ដែលពួកវារត់បានចម្ងាយ៣៨០គីឡូម៉ែត្រ នៅរយៈកម្ពស់៩៧គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រជប៉ុន (សមុទ្រខាងកើត) ខណៈវាគឺជាការបាញ់មីស៊ីលលើកទី៧ ហើយដោយទីក្រុងព្យុងយ៉ាង ក្នុងកំឡុងពេលប្រមាណជាមួយខែចុងក្រោយនេះ។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែមិនមានក្តីបារម្ភនោះឡើយ ចំពោះសកម្មភាពទាំងនេះ៕