(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ក្រោយ លោកប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធបន្ថែមលើទំនិញនាំចូលពីចិន ជាមួយ ការបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន មិនអាចកំណត់ជោគវាសនារបស់ចិនបាននោះទេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងអត្ថបទចុះផ្សាយនៅថ្ងៃចន្ទនេះ សារព័ត៌មានរដ្ឋ China Daily បានលើកឡើងដូច្នេះថា៖ «ទីក្រុងវ៉ាស៊ីនតោន នឹងមិនត្រូវបានអនុញ្ញាតឱ្យកំណត់ពីជោគវាសនារបស់ចិននោះទេ...ហើយ ម្យ៉ាងវិញទៀត វាច្បាស់ណាស់ ការដំឡើងពន្ធរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងចិន គឺជារឿង នយោបាយទាំងស្រុង ដោយអ្វីដែលទីក្រុងវ៉ាស៊ីនតោនចង់បានពីដៃគូពាណិជ្ជកម្មនោះ គឺបំពេញ តាមមហិច្ឆិតារបស់ខ្លួនឯងតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដំឡើង ពន្ធលើផលិតផលនាំចូលពីចិនដែលតម្លៃជាង ៥៥០ពាន់លានដុល្លារ បន្ទាប់ពីទីក្រុងប៉េកាំង ប្រកាសដំឡើងពន្ធលើផលិតផលអាមេរិកមានតម្លៃ៧៥ពាន់លានដុល្លារ៕