(ប៉េកាំង)៖ លោក លីវ ហ៊ី (Liu he) ឧបនាយករដ្ឋមន្រ្តីចិនបានថែ្លងថា ប្រទេសចិនស្វាគមន៍ចំពោះវិនិយោគិន មកពីបណ្តាប្រទេសនានាលើពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ សម្រាប់ការមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយព័ត៌មាន នាយប់ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំាំ២០១៩។

លោក Liu he បានថ្លែងដូចខាងលើនេះ នៅក្នុងកំឡុងពេលលោកអញ្ជើញចូលរួម ពិព័រណ៍ឧស្សាហកម្មឆ្លាតវៃចិនអន្តរជាតិលើកទី ២ នៅក្រុងឆុងឈីង កាលពីថ្ងៃទី ២៦ ខែសីហា។ លោកបានគូសបញ្ជាក់ថា ចិនស្វាគមន៍ចំពោះវិនិយោគិន មកពីបណ្តាប្រទេសនានាលើពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងសម្រាប់ការមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ហើយនឹងបន្តបង្កើតបរិយាកាសវិនិយោគដ៏ល្អប្រសើរ និងការការពារកម្មសិទ្ធិបញ្ញាផងដែរ។

គួរបញ្ជាក់តាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ចិនខាងលើនេះថា ក្នុងនាមជាម្ចាស់ផ្ទះ ភាគីចិននឹងប្រកាន់ខ្ជាប់នូវការជំរុញការអភិវឌ្ឍឧស្សាហកម្មឆ្លាតវៃ ក្រោមលក្ខខណ្ឌបើកទូលាយ ក៏ដូចជាប្រកាន់ខ្ជាប់នូវការប្រឆាំងនឹងការរារាំងផ្នែកបច្ចេកវិទ្យា និងការការពារនិយម ព្រមទាំងខិតខំប្រឹងប្រែងដើម្បីការពារ ភាពសុចរិតនៃខ្សែសង្វាក់ឧស្សាហកម្មទាំងឡាយ។

ប្រទេសចិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហា តាមរយៈកិច្ចពិគ្រោះពិភាក្សា និងកិច្ចសហប្រតិបត្តិការដោយកាន់ឥរិយាបថស្ងប់ស្ងាត់ និងប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កើនសង្គ្រាមពាណិជ្ជកម្ម។ ភាគីចិនជឿជាក់ថា ការបង្កើនសង្គ្រាមពាណិជ្ជកម្ម គឺមិនអំណោយផលដល់ប្រទេសចិន និងសហរដ្ឋអាមេរិកនោះទេ ហើយក៏មិនអំណោយផលដល់ប្រជាជនទូទាំងពិភពលោកឡើយ៕