(ប្រេស៊ីឡា)៖ រដ្ឋាភិបាលប្រេស៊ីលបានចេញមុខបដិសេធ «មិនទទួលយក» ថវិកាជំនួយពីប្រទេសកំពូលសេដ្ឋកិច្ច G7 ដែលសំដៅចូលរួមជួយកិច្ចប្រឹងប្រែងពន្លត់ភ្លើង ដែលកំពុងឆេះព្រៃអាម៉ាហ្សូន (Amazon) ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
ក្នុងកំឡុងកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បាននិយាយថា មេដឹកនាំនៃប្រទេស G7 បានព្រមព្រៀងគ្នាថា នឹងផ្តល់ជំនួយជាថវិកាចំនួន ២០លានអឺរ៉ូ (ជាង២២លានដុល្លារអាមេរិក) ដើម្បីជួយប្រទេសនៅតំបន់ព្រៃអាម៉ាហ្សូន ទប់ទល់នឹងបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់។ យ៉ាងណាមិញទីប្រឹក្សារបស់ប្រធានាធិបតីប្រេស៊ីល បាននិយាយថា «យើងអរគុណហើយ ប៉ុន្តែប្រហែលជាធនធានជំនួយនេះគួរតែយកទៅប្រើប្រាស់ ក្នុងការដាំដុះព្រៃឈើឡើងវិញនៅអឺរ៉ុបគឺល្អជាង»។
គួរជម្រាបថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយក ឧស្ម័នកាបូនជាច្រើនហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំង បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកផងដែរ។ ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល។
តំបន់ព្រៃអាម៉ាហ្សូន គ្របដណ្ដប់លើប្រទេសដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា (French Guiana), ហ្គូយ៉ាណា (Guyana), ប៉េរូ, ស៊ូរីណេម (Suriname) និងប្រទេសវេណេស៊ុយអេឡា ខណៈ៦០ភាគរយ គឺស្ថិតក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងមានករណីឆេះច្រើនជាងគេ៕