(ហុងកុង)៖ លោក Jimmy Lai គឺជាមហាសេដ្ឋីក្រុងហុងកុងតែម្នាក់គត់ ដែលហ៊ានប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងប៉េកាំង ដោយផ្ទាល់ ហើយមិនតែប៉ុណ្ណោះ លោកក៏ជាមនុស្សម្នាក់ដែលត្រូវបានគេរំពឹងដែរថា អាចនឹងត្រូវបញ្ជូនទៅកាន់ចិនដីគោកនៅថ្ងៃណាមួយ បើសិនជាសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នត្រូវបានអនុម័តមែននោះ។ ប៉ុន្តែជាសំណាងល្អសេចក្ដីព្រាងច្បាប់នេះត្រូវបានផ្អាកទាំងស្រុងទៅវិញ ក្រោយមានបាតុកម្មតវ៉ាពីសំណាក់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ។
* ហេតុអ្វីបានជាលោក Jimmy Lai ប្រឆាំងនឹងរដ្ឋាភិបាលចិន?
តាមការពិតទៅ លោក Jimmy Lai ក៏ជាប្រជាជនចិនដីគោកមួយរូបដែរ។ ប៉ុន្តែដោយសារតែគ្រោះទុរភិក្ស កើតឡើងក្នុងប្រទេសចិន ក្នុងឆ្នាំ១៩៦០ លោក Lai បានរត់ភៀសខ្លួនចេញពីខេត្តក្វាងទុង (Guangdong) មកកាន់ទីក្រុងហុងកុង ដោយសម្ងំលាក់ខ្លួននៅទូកនេសាទមួយគ្រឿង។ លោកបានធ្វើដំណើរមកដល់ទីក្រុង ហុងកុង នៅអាយុ១២ឆ្នាំ និងបានហែលឆ្លងជីវិតដ៏ក្រលំបាកតោកយ៉ាកបំផុត ត្រឹមតែជាកម្មករបោសជូតសំអាត នៅក្នុងរោងចក្រវាយភណ្ឌមួយកន្លែង ដែលអាចរកបានប្រាក់ចំណូលបានតែ ៧ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
លោក Jimmy Lai បច្ចុប្បន្នមានអាយុ៧០ឆ្នាំ កាលពីដំបូងឡើយគ្រាន់តែជាអ្នកជំនួញម្នាក់គិតតែពីការរកស៊ីប៉ុណ្ណោះ ដោយលោកបានបង្កើតក្រុមហ៊ុនសម្លៀកបំពាក់មួយនៅឆ្នាំ១៩៨១ ហើយគិតត្រឹមឆ្នាំ២០០៨ លោកមានទ្រព្យសម្បត្តិសរុប ១.២ពាន់លានដុល្លារ។ តែជីវិតគិតតែពីការរកស៊ីនេះបានផ្លាស់ប្ដូរទាំងស្រុង ក្រោយអាជ្ញាធរចិនបង្រ្កាបដោយហិង្សាលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីលាន Tiananmen នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។ «ខ្ញុំមិនមែនជាអ្នកនយោបាយទេនៅពេលនោះ ប៉ុន្តែខ្ញុំតែងតែមានគំនិត ចង់បានសេរីភាពជាយូរណាស់មកហើយ ដោយសារតែបទសោធន៍របស់ខ្ញុំក្នុងប្រទេសចិន»។ នេះជាការលើកឡើងរបស់លោក Jimmy Lai ។
ក្រោយមកទៀត គំនិតចង់បានសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់លោក Lai កាន់តែរីកធំឡើងនៅក្នុង ខួរក្បាលរបស់លោក បន្ទាប់ពីរដ្ឋាភិបាលចិន ដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនលក់សម្លៀកបំពាក់ Giordano របស់លោកនៅទូទាំងប្រទេសចិនដីគោក នៅឆ្នាំ១៩៩៤។ ការដកអាជ្ញាប័ណ្ណ នេះទៀតសោតធ្វើឡើង ដោយសារ តែលោកបានចុះផ្សាយអត្ថបទក្នុងទស្សនាវដ្ដីមួយនៃក្រុមហ៊ុន Next Digital ដោយចាត់ទុកថា អតីតនាយករដ្ឋមន្ត្រីចិន លោក Li Peng គឺជា «ពិឃាតនៃទីក្រុងប៉េកាំង» ជុំវិញការបង្រ្កាបលើក្រុមបាតុករ នៅទីលាន Tiananmen។
ក្នុងឆ្នាំ១៩៩៤ ដដែលនោះ លោក Lai បានសម្រេចចិត្តលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Giordano ហើយមួយឆ្នាំបន្ទាប់គឺនៅឆ្នាំ១៩៩៥ លោកបានបង្កើតសារព័ត៌មានមួយឈ្មោះ Apple Daily ដែលជាសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ និងរិះគន់របបដឹកនាំទីក្រុងប៉េកាំង។ ម្យ៉ាងវិញទៀត ក្រោយការបង្កើត Apple Daily នេះឯង មហាសេដ្ឋីរូបនេះត្រូវបានគេចាត់ទុកថា ជាអ្នកប្រជាធិបតេយ្យដ៏ក្លាហានហ៊ានប្រឆាំង និងរិះគន់ចិន ដោយមិនខ្លាចបាត់បង់ទ្រព្យសម្បត្តិ ខណៈគេគ្រប់គ្នាសុទ្ធតែយល់ថា បើចង់ធ្វើជាមហាសេដ្ឋីក្នុង ទីក្រុងហុងកុង មិនអាចប្រឆាំងនឹងចិនបានឡើយ។
* តើលោក Jimmy Lai គឺជាបាតដៃខ្មៅរបស់សហរដ្ឋអាមេរិក?
លោក Jimmy Lai ត្រូវបានប្រទះឃើញជាញឹកញប់ថា បានចូលរួមនៅក្នុងបាតុកម្មតវ៉ារបស់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីប្រឆាំងនឹង សេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ សេចក្ដីព្រាងច្បាប់នេះ ដែលបច្ចុប្បន្នត្រូវបានផ្អាកទៅវិញ គឺមានគោលដៅអនុញ្ញាតឱ្យអាជ្ញាធរចិនស្នើធ្វើបត្យាប័នជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសណាមួយក្នុងទីក្រុងហុងកុង មកកាត់ទោសក្នុងតុលាការចិន។
ប៉ុន្តែក្រុមបាតុករប្រឆាំងជំទាស់យ៉ាងខ្លាំង ដ្បិតពួកគេយល់ថា បើច្បាប់នេះត្រូវបានអនុម័តពិតមែននោះវាធ្វើនឹងឱ្យប៉ះពាល់ដល់ស្វ័យភាព, លទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយប្រទេសមួយប្រព័ន្ធពីរនៃទីក្រុងហុងកុង។ ដោយឡែក សម្រាប់ក្រុមអ្នកគាំទ្ររូបលោក លោក Lai គឺជាអ្នកតស៊ូប្រយុទ្ធដើម្បី លទ្ធិប្រជាធិបតេយ្យដ៏ក្លាហានម្នាក់ តែអ្នកគាំទ្ររដ្ឋាភិបាលចិនដីគោក ចាត់ទុកលោកថា ជា «បាតដៃខ្មៅរបស់ សហរដ្ឋអាមេរិក» តាមរយៈការប្រើប្រាស់សារព័ត៌មាន Apple Daily រិះគន់ទីក្រុងប៉េកាំង។
ក្រុមមន្ត្រីជាន់ខ្ពស់ចិន រួមទាំងអ្នកគាំទ្រទីក្រុងប៉េកាំង បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានផ្ដល់ជំនួយជាហិរញវត្ថុរាប់លានដុល្លារ ដើម្បីគាំទ្រដល់ ចលនាប្រជាធិបតេយ្យឱ្យបង្កអស្ថេរភាពដល់ប្រទេសចិន។ លើសពីនេះទៅទៀត ពួកគេចាត់ទុកថា លោក Lai គឺជា «បាតដៃខ្មៅរបស់សហរដ្ឋអាមេរិក» បន្ទាប់ពីមហាសេដ្ឋកិច្ចរូបនេះ ជិះយន្ដហោះទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីខែកក្កដា កន្លងទៅ ដើម្បីពិភាក្សាការងារជាមួយអនុប្រធានាធិបតីអាមេរិក លោក Mike Pence, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ រួមទាំង ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ពីរបៀបថា ត្រូវធ្វើដូចម្ដេចក្នុងការគាំទ្រដល់សេរីភាព របស់ទីក្រុងហុងកុង។
គួរបញ្ជាក់ថា ចាប់តាំងពីអង់គ្លេសប្រគល់ទីក្រុងហុងកុងឱ្យប្រទេសចិនវិញ នៅឆ្នាំ១៩៩៧ ទីក្រុងមួយនេះមានប្រព័ន្ធច្បាប់ផ្ទាល់ខ្លួន និងសេរីភាពលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែការអនុវត្តបែបនេះ នឹងត្រូវអស់សុពលភាពនៅ ឆ្នាំ២០៤៧ ហើយទីក្រុងហុងកុងអាចនឹងត្រូវចិនគ្រប់គ្រងទាំងស្រុងវិញក៏ថាបាន៕
ប្រភព៖ CNN (ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩)