(ម៉ូស្គូ)៖ វរសេនីយឯកកងទ័ពអាកាសអាមេរិកលោក ឃើត វែនត៍ (Kurt Wendt) បាននិយាយថា ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B2 ចំនួនបីគ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស RAR ហ្វ៊ែរហ្វដ (RAF Fairford) ស្ថិតក្នុងតំបន់ គ្លូសេស្ទែរសាយអឺ (Gloucestershire) នៃភាគខាងត្បូងប្រទេសអង់គ្លេស នៅសប្ដាហ៍នេះ គឺជាសារមួយដ៏មានថាមពល ផ្ញើជូនសត្រូវរបស់អាមេរិក ឲ្យដឹងពីសមត្ថភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។
លោក Kurt Wendt បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ ITV News ដូច្នេះថា «ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B2 ទៅកាន់ប្រទេសអង់គ្លេស គឺជាសារមួយដ៏មានថាមពលផ្ញើជូនសត្រូវអាមេរិក អង្គការជ្រុលនិយម និងសភាវៈអាក្រក់មួយចំនួនថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងនោះរួមមានទាំងអង់គ្លេស មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
គួរជម្រាបថា យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B2 ត្រូវបានគេរំពឹងថា អាចនឹងចំណាយពេលស្នាក់នៅក្នុងប្រទេសអង់គ្លេស ខណៈការធ្វើសមយុទ្ធយោធាថ្នាក់តំបន់មួយ នឹងត្រូវបានធ្វើឡើងឆាប់ៗនេះ។ យន្ដហោះ B2 ត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាមេរិក ណតស៍រ៉ូប ហ្គ្រាំមែន (Northrop Grumman) កំឡុងសម័យសង្រ្គាមត្រជាក់ ដែលមានសមត្ថភាពទមា្លក់គ្រាប់បែកនុយក្លេអ៊ែរ។
ប៉ុន្តែគ្រាន់តែយន្ដហោះនេះដែលមួយគ្រឿងមានតម្លៃជាង ២ពាន់លានដុល្លារទៅហើយ ដោយវាធ្វើប្រតិបត្តិការហោះហើរក្នុងមួយម៉ោង អាមេរិកត្រូវចំណាយអស់ប្រាក់ ១៧០,០០០ដុល្លារឯណោះ។ បច្ចុប្បន្នកងទ័ពអាកាសអាមេរិក មានយន្ដហោះ B2 ចំនួន ២០គ្រឿង៕