(ប៉េកាំង)៖ អគ្គលេខាធិការគ្រប់គ្រងការងាររដ្ឋបាលនៃទីក្រុងហុងកុងលោក ម៉ាត់ស៊ូ ឈឹង គីនជុង (Matthew Cheung Kin-chung) បានចេញមុខបដិសេធនៅថ្ងៃចន្ទនេះថា គ្មានបាតុករហុងកុងណាម្នាក់បាត់បង់ជីវិតនោះឡើយ ក្នុងចំណោមបាតុករទាំង ៤៦នាក់ ដែលត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យនោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា «ក្នុងចំណោមបាតុករប្រមាណ ៤៦នាក់ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យទីក្រុងហុងកុង បានចាកចេញពីមន្ទីរពេទ្យភាគច្រើនហើយ ខណៈ១៩នាក់ទៀតនៅបន្តព្យាបាលរបួសដដែល ប៉ុន្តែសម្រាប់សេចក្តីរាយការណ៍មួយចំនួនថា មានមានបាតុករមួយចំនួនបានបាត់បង់ជីវិតនោះ គឺមិនមែនជាការពិតឡើយ»

អាជ្ញាធរហុងកុង បានចាត់ទុកព័ត៌មានខាងលើនេះ គឺជាពាក្យចចាមអារ៉ាម និងគ្មានបានជួយអ្វី សោះចំពោះស្ថានការណ៍នាពេលបច្ចុប្បន្ន។ រដ្ឋបាលក្រុងហុងកុង សូមថ្កោលទោសក្រុមអ្នកបង្កើត ពាក្យចចាអារ៉ាម ដែលគ្មានភាពទទួលខុសត្រូវនេះឡើងផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍មុននេះ បាតុកម្មបានផ្ទុះឡើងយ៉ាងខ្លាំង ខណៈប៉ូលិសហុងកុងបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក បាញ់បំបែកហ្វូងបាតុករ ដែលបានចូលមកផ្តុំគ្នាតវ៉ានៅទីកន្លែងហាមឃាត់ ជាពិសេសនោះគឺអគាររដ្ឋបាលក្រុងតែម្តង។ ក្រោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានោះ ក្រុមបាតុកររាប់សិបនាក់បានទទួលរងរបួស និងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕