(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបង្វែរថវិកាទំហំ៣.៦ពាន់លានដុល្លារពីគម្រោងផ្សេងៗរបស់ក្រសួងការពារជាតិ អាមេរិក ដើម្បីយកទៅប្រើប្រាស់សម្រាប់ដំណើរការសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ីកូ។ នេះបើ តាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
នាថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper បានជូនដំណឹងប្រាប់ដល់ថ្នាក់ដឹកនាំនៃសភាអាមេរិក រួមមានប្រធានសភាតំណាងរាស្រ្តលោកស្រី Nancy Pelosi និងប្រធានសំឡេងភាគតិចនៃព្រឹទ្ធសភាលោក Charles Schumer នៃគណបក្សប្រជាធិបតេយ្យ អំពីការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបង្វែរថវិកាចេញពីគម្រោងសាងសង់ របស់យោធា ទៅកាន់គម្រោងសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនភាគខាងត្បូងវិញ។
ក្នុងចំណោមថវិកា៣.៦ពាន់លានដុល្លារនោះ ពាក់កណ្តាលនឹងបានមកពីគម្រោងសាងសង់របស់យោធា ដែលនៅក្រៅប្រទេស ខណៈពាក់កណ្តាលទៀត នឹងយកចេញពីគម្រោងរបស់ក្រសួងការពារជាតិ ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ ទាំងលោក Schumer និងលោកស្រី Pelosi សុទ្ធតែបានរិះគន់ចំពោះការសម្រេចចិត្តនេះ ដោយថាលោក ត្រាំ កំពុងព្យាយាមដណ្តើមអំណាច ពីសភា ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្នថ្នាក់ជាតិមួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយបានបង្គាប់ឲ្យមានការប្រមែប្រមូលថវិកា ពីបណ្តាស្ថាប័នរដ្ឋាភិបាល ដើម្បីយកទៅកសាងជញ្ជាំងនៅបណ្តោយព្រំដែន អាមេរិកជាប់នឹងម៉ិចស៊ីកូ ដែលលោកបានសន្យាជាយូរណាស់មកហើយ៕