(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់យោធានៃប្រទេសចិន និងរុស្ស៊ីបានឯកភាពគ្នាថា ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធា ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីរួមគ្នាលើកស្ទួយស្ថិរភាព និងសន្តិភាពរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
ការព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក ចាង យូសៀ (Zhang Youxia) ជាអនុប្រធាននៃគណៈកម្មាធិការមជ្ឈិមយោធាចិន និងលោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី សឺហ្គៃ សយហ្គូ (Sergei Shoigu) ជួបពិភាក្សាការងារជាមួយគ្នា នៅក្នុងដំណើរទស្សនកិច្ចរបស់គណប្រតិភូយោធាចិន នៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី។ មន្ត្រីជាន់ខ្ពស់នៃប្រទេសមហាអំណាចយោធាលេខ ២ និងលេខ ៣ ទាំងពីរនេះក៏បានអបអរសាទរផងដែរ ចំពោះខួបទី ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទាំងចិន និងរុស្ស៊ីពិតជាសង្ឃឹមថា ទំនាក់ទំនងនេះនឹងឈានទៅរកសម័យកាលថ្មីៗទៀត។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់យោធាចិន និងរុស្ស៊ីបានយល់ឃើញដូចគ្នា ចំពោះស្ថានភាពលើពិភពលោកនាពេលបច្ចុប្បន្ន ដែលប្រទេសមហាអំណាចទាំងពីរ ត្រូវតែជម្នះរាល់ការប្រកួតប្រជែងនានា ដើម្បីទប់ទល់នឹងនយោបាយឯកតោភាគីនិយម និងគាំពារនិយម (សហរដ្ឋអាមេរិក)។ បន្ថែមពីនេះប្រទេសរុស្ស៊ីក៏បានស្វាគមន៍ទុកជាមុន ចំពោះការអញ្ជើញរបស់ចិនឲ្យចូលរួម ក្នុងការសមយុទ្ធយោធានានានៅថ្ងៃអនាគតផងដែរ៕