(ញូដេលី)៖ ក្រសួងការពារជាតិឥណ្ឌា ត្រូវបានគេរាយការណ៍ថា មានគម្រោងទិញយន្ដហោះល្បាត សមុទ្រធុន P-8 ចំនួន១០គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ក្នុងតម្លៃ៣ពាន់លានដុល្លារ ដើម្បី ពង្រឹងសមត្ថភាពប្រឆាំងនាវាមុជទឹក ខណៈកំពុងមានភាពតានតឹងជាមួយប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
សារព័ត៌មាន Sputnik បានឱ្យដឹងទៀតថា ការទិញយន្ដហោះល្បាតខាងលើនឹងត្រូវធ្វើឡើងនៅនសប្ដាហ៍ក្រោយ ហើយការទិញនេះក៏មានរាប់បញ្ចូលផងដែរ ប្រព័ន្ធរ៉ាដា អាវុធ និងបរិក្ខាពាក់ព័ន្ធដទៃទៀត។ ចំណែកឯរដ្ឋាភិបាលអាមេរិក ក៏ត្រូវបានគេរំពឹងដែរថា នឹងយល់ព្រមលក់ យន្ដហោះស៊ើបការណ៍និងល្បាតសមុទ្រនេះឱ្យឥណ្ឌា។
គួរបញ្ជាក់ថា បច្ចុប្បន្ន កងនាវាឥណ្ឌាមានយន្ដហោះស៊ើបការណ៍ និងល្បាតសមុទ្រ IL-38SD ចំនួន៥គ្រឿង ដែលប្រតិបត្តិការតាំងពីឆ្នាំ១៩៧៧ រីឯយន្ដហោះ Tu-142M ៥គ្រឿងទៀត តាំងពីឆ្នាំ១៩៨៧ ខណៈយន្ដហោះស៊េរីចាស់ IL-38SD នឹងត្រូវដាក់ដំណើរការរហូតដល់ឆ្នាំ២០២២ ឬ ឆ្នាំ២០២៣៕