អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅដល់អង់គ្លេស ដើម្បីចូលរួមសមយុទ្ធអង្គការ NATO (Video inside)

06-09-2019 09:23

(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកធុន B-52 Stratofortress មួយគ្រឿង បាន ធ្វើដំណើរទៅដល់ចក្រភពអង់គ្លេស ដើម្បីចូលរួមសមយុទ្ធរបស់អង្គការ NATO។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារ ព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាមេរិក យន្តហោះទម្លាក់គ្រាប់បែកខាងលើ បានទៅដល់មូលដ្ឋានទ័ពអាកាស Fairford របស់ចក្រភពអង់គ្លេស ដើម្បីចូលរួមសមយុទ្ធ Cobra Warrior ដែលត្រូវប្រព្រឹត្តទៅនៅទីនោះ ព្រមទាំងសមយុទ្ធ Ample Strike និងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ NATO Days ដែលនឹងរៀបចំ ឡើងនៅប្រទេសឆែក។

គួរជម្រាបថា កន្លងទៅ កាលពីចុងខែសីហា សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក-បំបាំងកាយ B-2 Spirit ចំនួន៣គ្រឿង ទៅកាន់មូលដ្ឋានយោធា Fairford ផងដែរ។ ចំណែក កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹងពីការទៅដល់នៃយន្តហោះដឹកសាំង KC-135 Stratotanker មួយគ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស Pardubice នៅប្រទេសឆែក៕