BREAKING NEWS: ទីបំផុតអតីតបុរសខ្លាំងហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ ទទួលមរណភាពហើយនៅអាយុ៩៥ឆ្នាំ! (Video inside)
06-09-2019 12:33
(ហារ៉ារ៉េ)៖ អតីតប្រធានាធិបតីហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) ដែលមនុស្សជាច្រើនស្គាល់ថា ជាបុរសខ្លាំងកាន់អំណាចបានយូរបំផុតប្រចាំទ្វីបអាហ្វ្រិកនោះ នៅទីបំផុតបានទទួលមរណភាពហើយក្នុងអាយុ ៩៥ឆ្នាំ ក្រោយពីបានទៅសម្រាកព្យាបាលជំងឺ នៅឯមន្ទីរពេទ្យនៃប្រទេសសិង្ហបុរីអស់ជាច្រើនខែ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
មរណភាពរបស់លោក មូហ្គាបេ ត្រូវបានប្រកាសដោយប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក អ៊ែមមើសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) ប្រចាំនៅរដ្ឋធានីហារ៉ារ៉េនៅថ្ងៃសុក្រនេះ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «វាជាភាពសោកសៅបំផុតមួយ ដែលខ្ញុំត្រូវប្រកាសអំពីការទទួលមរណភាព របស់បិតាស្ថាបនិកហ្ស៊ីមបាវ៉េ និងជាអតីតប្រធានាធិបតីគឺលោក រ៉ូប៊ឺត មូហ្គាបេ។ លោកគឺជានិមិត្តរូបនៃការរំដោះ និងជាអ្នកគាំទ្រជនជាតិអាហ្វ្រិក ដែលបានលះបង់ជីវិតដើម្បីការរំដោះ និងផ្តល់អំណាចជូនប្រជាជនរបស់លោក»។
គួរបញ្ជាក់ថា លោក មូហ្គាបេ បានទៅសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យសិង្ហបុរីអស់ជាតិច្រើនខែ ប៉ុន្តែមិនមាននរណាអាចបញ្ជាក់ថា លោកមានជំងឺអ្វីឲ្យប្រាកដនោះឡើយ។ លោកត្រូវបានប្រធានាធិបតីបច្ចុប្បន្ន ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានជម្លោះយ៉ាងខ្លាំង កើតឡើងនៅក្នុងជួរគណបក្សកាន់អំណាចរបស់លោក ដែលពាក់ព័ន្ធនឹងចេតនាលើកស្ទួយភរិយាលោក ឲ្យបន្តតំណែងធ្វើជាប្រធានាធិបតីហ្ស៊ីមបាវ៉េ នៅពេលលោកអស់ជីវិតនោះ៕