(ប៉េកាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន បានអង្គុយលើកៅអី កំឡុងពេលគោរពបទភ្លេងជាតិអាល្លឺម៉ង់ ខណៈមានការ ព្រួយបារម្ភជាច្រើនផ្ទុះឡើងនាពេលថ្មីៗនេះពីសុខភាពរបស់លោកស្រី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
ពិធីស្វាគមន៍ជាផ្លូវការនៃដំណើរទស្សនកិច្ចរបស់លោកស្រី មឺគែល បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ នេះ នៅបរិវេណខាងមុខសភាជាតិចិន ក្រោមសីតុណ្ហភាពជិត៣០អង្សាសេ និងដោយមាន ការទទួលស្វាគមន៍ពីនាយករដ្ឋមន្ត្រីចិន លោក លី ឃឺជាំង (Li Keqiang)។ ប៉ុន្តែ ទន្ទឹមគ្នានោះ ដែរ ក្រុមអ្នកសារព័ត៌មានមួយចំនួន នៅតែតាមប្រមាញ់ថតសកម្មភាពរបស់ លោកស្រី មឺគែល ជាពិសេស គឺផ្ដោតទៅលើស្ថានភាពសុខភាពរបស់មេដឹកនាំអាល្លឺម៉ង់រូបនេះតែម្ដង។
គួរជម្រាបថា លោកស្រី អាន់ជែលឡា មឺគែល ធ្លាប់ត្រូវបានគេថតជាប់មានអាការៈញ័រខ្លួន ប៉ុន្មានលើករួចមកហើយ ក្នុងនោះរួមទាំងកំឡុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែមិថុនា កន្លងទៅ៕