(ប៉េកាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល (Angela Merkel) បាននិយាយនៅថ្ងៃសុក្រនេះ ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងថា សិទ្ធិ និងសេរីភាពនៃប្រជាជននៅទីក្រុងហុងកុង «ត្រូវតែទទួលបានការធានា»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានកាតា Peninsula នាល្ងាចថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
ទីក្រុងហុងកុងបានធ្លាក់ចូលទៅក្នុងជ្រោះបាតុកម្ម អស់រយៈពេលជាង ១៣សប្តាហ៍ទៅហើយ ចាប់តាំងពីមានការប្រកាសសេចក្តីព្រាងមួយ ស្តីអំពីច្បាប់ធ្វើបត្យាប័ន។ ក្រោយពីដឹងថា លោកស្រី មើគែល នឹងមកបំពេញទស្សនកិច្ច រយៈពេលបីថ្ងៃនៅទីក្រុងប៉េកាំង ដែលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ក្រុមបាតុករហុងកុងបានស្នើ ទៅកាន់លោកស្រី ឲ្យធ្វើការគាំទ្រដល់សកម្មភាពពួកគេ នៅពេលលោកស្រីជួបថ្នាក់ដឹកនាំកំពូលចិន។
ជុំវិញបញ្ហាខាងលើនេះដែរថា អ្នកនាំពាក្យអធិការបតីអាល្លឺម៉ង់ គឺលោក ស្ទេហ្វិន សេយប៊ឺត (Steffen Seibert) បានបញ្ជាក់អំពីសម្តីរបស់លោកស្រី មើគែល ដែលបាននិយាយនៅក្នុង ជំនួបជាមួយថ្នាក់ដឹកនាំចិនយ៉ាងដូច្នេះថា «សិទ្ធិ និងសេរីភាពនៃប្រជាជនហុងកុង ត្រូវតែទទួលបានការធានា។ ដំណោះស្រាយនានាអាចរកឃើញ តាមរយៈកិច្ចសន្ទនា... ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សា»។
គួរបញ្ជាក់ថា លោកស្រី មើគែល បានទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ជាមួយនឹងប្រតិភូពាណិជ្ជកម្មជាច្រើនរូប ដែលត្រូវបានគេមើលឃើញថា ជាការត្រៀមបង្កើនទំនាក់ទំនងលើវិស័យវិនិយោគ និងពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចលេខ ២ និងលេខ ៤ លើពិភពលោកនេះ៕