(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានសម្រេចលុបចោលកិច្ចចរចារកសន្តិភាព ជាមួយក្រុមតាលីបង់ ដែលនៅប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកឧទ្ទាមនេះ បានវាយប្រហារបំផ្ទុះគ្រាប់បែកនៅឯទីក្រុងកាប៊ុល ផ្តាច់ជីវិតទាហានអាមេរិកម្នាក់ និងមនុស្ស១១នាក់ទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩។
លោក ត្រាំ បានបញ្ជាក់ដូច្នេះថា «ប្រសិនបើក្រុមតាលីបង់មិនអាចទទួលយកបទឈប់បាញ់ ក្នុងអំឡុងកិច្ចចរចាស្វែងរកសន្តិភាពដ៏សំខាន់បានទេ ហើយថែមទាំងសម្លាប់មនុស្សស្លូតត្រង់ចំនួន១២នាក់ទៀតនោះ ពួកគេប្រហែលជាមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេចកិច្ចព្រមព្រៀងប្រកបដោយអត្ថន័យជាមួយសហរដ្ឋអាមេរិកឡើយ»។
កន្លងទៅនេះ ទើបតែមានសញ្ញាវិជ្ជមានថា ភាគីទាំងពីរគឺជិតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមដ៏យូរអង្វែង នៅអាហ្វហ្គានីស្ថានហើយ ដោយសេចក្តីព្រាងមួយត្រូវបានបង្កើតឡើង ដែលក្នុងនោះអាមេរិកត្រូវកាត់បន្ថយចំនួនទ័ពនៅប្រទេសអាហ្វហ្គានីស្ថាន រីឯពួកតាលីបង់ត្រូវធានាថា នឹងមិនប្រើប្រាស់អាហ្វហ្គានីស្ថានជាមូលដ្ឋាន សម្រាប់បើកការវាយប្រហារមកលើអាមេរិក ឬមួយក៏សម្ព័ន្ធមិត្តរបស់អាមេរិកឡើយ។
ប៉ុន្តែខណៈកិច្ចចរចាសន្តិភាពបានបន្តប្រព្រឹត្តទៅ ក្រុមឧទ្ទាមតាលីបង់ បានធ្វើសកម្មភាពវាយប្រហារផ្តាច់ជីវិតមនុស្សជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលត្រូវគេមើលឃើញថា ជាការពង្រឹងគោលជំហររបស់ខ្លួនសម្រាប់កិច្ចចរចា ខណៈពួកឧទ្ទាមនេះ កំពុងគ្រប់គ្រងទឹកដីប្រមាណជាពាក់កណ្តាលនៃប្រទេសអាហ្វហ្គានីស្ថាន គឺច្រើនជាងពេលណាៗទាំងអស់ គិតតាំងពីឆ្នាំ២០០១មក៕