(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទាត់ចោល របាយការណ៍ដែលអះអាងថាប្រទេសរបស់លោកបានលួចស៊ើបការណ៍សំងាត់លើ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
ប្រតិកម្មរបស់លោក Netanyahu កើតមានឡើងបន្ទាប់ពីសារព័ត៌មាន Politico ដែលខ្លួនទទួលបានពី អតីតមន្ត្រីជាន់ខ្ពស់អាមេរិកបីនាក់ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាអ៊ីស្រាអែលទំនងជាម្ចាស់ ឧបករណ៍ស៊ើបសំងាត់មួយ ដែលរកគេឃើញនៅក្បែរសេតវិមាន។ ឧបករណ៍ស៊ើបសំងាត់នេះដើរតួនាទី ដូចជា អង់តែងទូរស័ព្ទដៃចល័ត ចាប់សញ្ញាទីតាំង ឬ Location, បញ្ជាក់អត្តសញ្ញាណព័ត៌មាន ក្នុងនោះ រួមទាំងការហៅទូរស័ព្ទចេញ-ចូល និង data usage ជាដើម។
ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានទាត់ចោលរបាយការណ៍ នេះដោយបញ្ជាក់ថាវាគឺ «ជារឿងកុហកបោកប្រាស»។ សេចក្ដីថ្លែងការណ៍ដដែល បញ្ជាក់បន្ថែមដូច្នេះ ថា៖ «ការប្ដេជា្ញចិត្ត និងការណែនាំពីរដ្ឋាភិបាលអ៊ីស្រាអែល នោះគឺមិនមានឡើយការចូលរួមក្នុង ប្រតិបត្តិការស៊ើបការណ៍សំងាត់ នៅក្នុងសហរដ្ឋអាមេរិក»។
លើសពីនេះទៅទៀត ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយរបស់ Politico ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថាលោកមិនជឿជាដាច់ខាតថា អ៊ីស្រាអែលកំពុងស៊ើបការណ៍សំងាត់លើសហរដ្ឋអាមេរិក៕