(ប៉េកាំង)៖ វិបត្តិនៅក្នុងទីក្រុងហុងកុងបច្ចុប្បន្ន «មិនមែនជារឿងឈឺក្បាលដ៏ធំបំផុត» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នោះឡើយ តែផ្ទុយទៅវិញបញ្ហាតម្លៃសាច់ជ្រូកឡើងថ្លែងទៅវិញទេ ដែលកំពុងធ្វើឱ្យលោក ឈឺក្បាល ខណៈប្រជាជនចិននាំគ្នារិះគន់រដ្ឋាភិបាលកុម្មុយនិស្ដចិន លើបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាម លោក Cary Huang ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក Cary Huang ដែលជាអ្នកវិភាគម្នាក់នៃសារព័ត៌មាន South China Morning Post បានឱ្យដឹងទៀត ថាឧស្សាហកម្មសាច់ជ្រូកបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិប្រមាណ ១២៨ពាន់លានដុល្លារ។ ប៉ុន្តែ ដោយសារតែការផ្ទុះឡើងនៃជំងឺប៉េសជ្រូកអាហ្វ្រិក កាលពីប៉ុន្មានខែកន្លងទៅ ឧស្សហកម្មមួយនេះបានរង ផលប៉ះពាល់យ៉ាងខ្លាំងដោយសត្វជ្រូករាប់លានក្បាលបានស្លាប់ និងត្រូវបានសម្លាប់ រីឯតម្លៃសាច់ជ្រូកឡើង កំពុងថ្លៃកប់ពពក ហើយនេះមិនទាន់រាប់បញ្ចូលទាំងបញ្ហាបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិកផង។

លើសពីនេះទៅទៀត សូម្បីតែអ្នកជំនាញមួយចំនួនទៀត ក៏បានចាត់ទុកផងដែរថាសាច់ជ្រូកឡើងថ្លៃ គឺជាកង្វល់ ដ៏ធំរបស់លោក ស៊ី ជិនពីង ពោលគឺធំជាងបញ្ហានៅហុងកុងទៅទៀត រហូតដល់ពួកគេហៅថា «សាច់ជ្រូកនយោបាយ, សាច់ជ្រូកសេដ្ឋកិច្ច និងសាច់ជ្រូកការទូតទៀតផង»។ ជុំវិញបញ្ហានេះដែរ លោក Cary Huang បានបន្ថែមថា សាច់ជ្រូកឡើងថ្លៃបានធ្វើឱ្យប្រជាជនចិនរិះគន់ និងសើចចំអកយ៉ាងខ្លាំងដល់រដ្ឋាភិបាល កុម្មុយនិស្ដចិននៅលើបណ្ដាញទំនាក់ទំនងសង្គម។

មិនតែប៉ុណ្ណោះ វាក៏កំពុងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់លោក ស៊ី ជិនពីង ផងដែរ ស្របពេលលោកត្រូវបានគេរំពឹងថា នឹងបង្ហាញពីសមិទ្ធផលដែលលោកសម្រេចបាននាឱកាសខួប បង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។ បញ្ហាសាច់ជ្រូកឡើងថ្លៃ បាននិងកំពុង បង្កផលប៉ះពាល់ជាអវិជ្ជមានដល់ប្រាក់ចំណូល និងការរស់នៅរបស់ប្រជាជនសាមញ្ញា ជាពិសេសគឺមន្ត្រីចិន ចូលនិវត្តន៍ ដែលទទួលបានរបបសន្តិសុខសង្គមតិចតួច។

គួរបញ្ជាក់ថា សត្វជ្រូកជានិមិត្តរូបមួយ នៅក្នុងប្រទេសចិន ដូចជាពាក្យចិនតែងតែនិយាយថា «បានបរិភោគ សាច់ជ្រូក បង្ហាញពីជីវិតរស់នៅដ៏ល្អប្រសើរ និងមានសម្លៀកបំពាក់សមរម្យ ហើយឆ្នាំជ្រូក ឬឆ្នាំកុរវិញតំណាង ឱ្យភាពសម្បូរបែប, រុងរឿង និងមានទ្រព្យហូរហៀរ»