(វ៉ាស៊ីនតោន)៖ លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញ​ទំនាក់​ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសចិន ដោយលោកបាននិយាយថា កាលពីលោកនៅកាន់តំណែងជាអតីតប្រធានាធិបតី លោក​បានចំណាយពេលជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ច្រើនជាងមេដឹកនាំណាផ្សេងទៀតទាំងអស់។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីថ្ងៃអាទិត្យ លោក Biden និយាយថា លោក ត្រាំ យល់ខុសនិងមិនចេះដោះស្រាយបញ្ហាទំនាក់ទំនងអាមេរិក-ចិន។ លោក​បានបន្តទៀតថា លោកបានចំណាយពេលយ៉ាងច្រើនជាមួយលោក ស៊ី ជិនពីង ដែលបើធៀបជាមួយនឹងពេលវេលាលោក ស៊ី ចំណាយជាមួយមេដឹកនាំប្រទេសដទៃៗទៀតនោះ គឺឆ្ងាយដាច់តែម្តង កាលពីអំឡុងលោកនៅកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក​។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានស្ថិតក្រោមការរិះគន់របស់គណបក្សប្រជាធិបតេយ្យ ដោយសារតែគោលនយោបាយរបស់​លោកសំដៅលើប្រទេសចិន ខណៈប្រទេសទាំងពីរកំពុងមានសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ដោយមិនទាន់រកច្រកចេញឃើញនៅ​ឡើយ។ ដោយឡែក លោក Biden គឺជាបេក្ខជនលេចធ្លោមួយរូបរបស់បក្សប្រជាធិបតេយ្យ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងយក​​តំណែងប្រធានាធីបតីរបស់លោក ត្រាំ​ នៅក្នុងការបោះឆ្នោតឆ្នាំក្រោយនេះ ហើយចាប់តាំងពីលោក Biden បានប្រកាសឈរឈ្មោះ​មក លោក ត្រាំ បានក៏វាយប្រហារពាក្យសម្តីដាក់រូបលោក ជារឿយៗផងដែរ៕

.