(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី តួកគី និងអ៊ីរ៉ង់បានចាត់ទុកថា សកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី «គឺជាទង្វើបង្កអស្ថេរភាព» និងមានតែធ្វើឱ្យភាពតានតឹងកាន់តែឡើងកម្ដៅជាងមុនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍រួម ក្រោយកិច្ចប្រជុំកំពូលនៅទីក្រុងអង់ការ៉ាប្រទេសតួកគី នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសទាំងបីបានសង្កត់ធ្ងន់ដូចៗគ្នាយ៉ាងដូច្នេះថា «ប្រធានាធិបតីនៃប្រទេសទាំងបីបានចាត់ទុកថា សកម្មភាពយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី គឺជាទង្វើបង្កអស្ថេរភាព រំលោភលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ហើយវាមានតែធ្វើឱ្យភាពតានតឹងផ្ទុះឡើងកាន់តែខ្លាំងប៉ុណ្ណោះ»។
គួរជម្រាបថា អ៊ីស្រាអែលបានដឹកនាំការវាយប្រហារ តាមផ្លូវអាកាសជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ីរី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសំអាងថា ការវាយប្រហារទាំងនេះគឺមានគោលដៅទៅលើក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ និងបង្ការការប៉ុនប៉ងវាយប្រហារណាមួយ មកលើទឹកដីអ៊ីស្រាអែលតែប៉ុណ្ណោះ៕