(ម៉ូស្គូ)៖ ទស្សនាវដ្ដី Foreign Policy បានឱ្យដឹងថាកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៧៩ ផ្កាយរណបស៊ើបការណ៍ អាមេរិកនៅតំបន់អាត្លង់ទិចខាងត្បូង ចាប់បានសញ្ញានៃការធ្វើតេស្ដអាវុធនុយក្លេអ៊ែរដែលទំនងជាធ្វើឡើងដោយ ប្រទេសអ៊ីស្រាអែល នៅតំបន់មួយក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនបានជួយលាក់រឿង នេះឱ្យអ៊ីស្រាអែល រហូតដល់ ទៅជាង៤០ឆ្នាំមកនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាម Foreign Policy នៅពេលនោះ រដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ក៏បានបើកកិច្ចប្រជុំបន្ទាន់ជាមួយក្រុមមន្ត្រីរបស់លោកផងដែរ ដើម្បីស្វែងយល់ថាតើមានអ្វីកើតឡើងឱ្យ ពិតប្រាកដ ហើយនរណាជាទទួលខុសត្រូវ ខណៈប្រទេសអាហ្វ្រិកខាងត្បូង និងអ៊ីស្រាអែល បានជាប់សង្ស័យ ខ្លាំងជាងគេ។ ប៉ុន្តែ ៤០ឆ្នាំក្រោយមកទៀត គឺនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ Foreign Policy បានសន្និដ្ឋាន ថាអ៊ីស្រាអែល ទំនងជាអ្នកធ្វើតេស្ដអាវុធនុយក្លេអ៊ែរនេះ រីឯសហរដ្ឋអាមេរិកវិញបានជួយបិទបាំងរឿងនេះពី សាធារណៈមតិ ដោយសារតែខ្លាចធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងសន្តិភាព Camp David រវាងអេហ្ស៊ីប និងអ៊ីស្រាអែល។
គួរបញ្ជាក់ថា អ៊ីស្រាអែល មិនដែលទទួលស្គាល់ថាខ្លួនបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ១៩៧៩ នោះទេ ហើយក៏មិនបានបញ្ចេញប្រតិកម្មអ្វីចំពោះរបាយការណ៍របស់ Foreign Policy ដែរ។ ទស្សវដ្ដីមួយនេះធ្វើការ សន្និដ្ឋានខាងលើ ដោយផ្អែកលើការស៊ើបអង្កេត, ឯកសារសំងាត់មួយចំនួនដែលលេចធ្លាយ, ការផ្ដល់សក្ខីកម្ម ពីអតីតក្រុមមន្ត្រីអាមេរិក, អ្នកវិទ្យាសាស្រ្ត និងអ្នកវិភាគជាច្រើននាក់ រួមទាំងសារធាតុវិទ្យុសកម្មដែលគេរកឃើញនៅក្នុងខ្លួនសត្វចៀមនៅឯភាគខាងលិចនៃប្រទេសអូស្ត្រាលី។
លើសពីទៅទៀត ទោះបីជាមិនដែលទទួលស្គាល់ ប៉ុន្តែអីស្រាអែលក៏ធ្លាប់ត្រូវបានក្រុមអ្នកជំនាញមួយចំនួន ប៉ាន់ ប្រមាណថាមានក្បាលគ្រាប់នុយក្លេអ៊ែរពី ៨០ ដល់៤០០គ្រាប់ផងដែរ ដែលអាចបំពាក់លើយន្ដហោះចម្បាំង នាវាមុជទឹក និងមីស៊ីលបាលិស្ទីអន្តរទ្វីប Jericho III ជាដើម៕