(ញូយ៉ក)៖ សកម្មជនការពារបរិស្ថានវ័យ ១៦ឆ្នាំមកពីប្រទេសស៊ុយអែតនាង ហ្គ្រេតា ថាន់ប៊ឺក (Greta Thunberg) បានរិះគន់មេដឹកនាំពិភពលោកយ៉ាងចាស់ដៃដោយចោទថា ពួកគេបានក្បត់កូនចៅជំនាន់ក្រោយរបស់ខ្លួនឯង ដោយសារតែការបរាជ័យក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុមួយធ្វើឱ្យភពផែនដីឡើងកម្ដៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសុន្ទរកថាផ្ញើទៅកាន់មេដឹកនាំពិភពលោក នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក និងដែលកំពុងធ្វើឱ្យពិភពលោករំជើបរំជួលយុវតី Greta Thunberg បានលើកឡើងទាំងទឹកភ្នែករលីងរលោងយ៉ាងដូច្នេះថា «លោកអ្នកបានលួចក្ដីសុបិន្ត និងកុមារភាពរបស់ខ្ញុំ ជាមួយការមិនគោរពពាក្យសន្យារបស់អស់លោក...។ តាមការពិតខ្ញុំមិនគួរឈរនៅទីនេះទេ ខ្ញុំគួរតែអង្គុយនៅក្នុងថ្នាក់រៀន។ តើពួកអ្នកចង់បានក្ដីសង្ឃឹមពីពួកយើង ដែលជាកូនក្មេងវិញឬ? ហេតុអ្វីបានជាអ្នកដាច់ចិត្តធ្វើយ៉ាងនេះ?»។
ចំពោះមុខបញ្ហាដ៏រសើប ក្រោយក្រុមអ្នកសិក្សាអន្តរជាតិបានចេញលទ្ធផលសិក្សាថ្មីថា ភពផែនដីនឹងកើនឡើងកម្តៅបន្ថែមទៀត លើសពីការគណនាពីប៉ុន្មានឆ្នាំមុន បើសិនជាពិភពលោកមិនទប់ស្កាត់ កម្រិតបំពុលបរិយាកាសដូចសព្វថ្ងៃទេនោះ យុវតីរូបនេះបានសង្កត់ធ្ងន់ទាំងភ្នែកថា «យើងកំពុងជិតផុតពូជ តែពួកអ្នកបែរជានាំគ្នានិយាយតែពីរឿងលុយ និងកំណើនសេដ្ឋកិច្ច... តើហេតុអ្វីបានជាអ្នកដាច់ចិត្តធ្វើយ៉ាងនេះ?»។
គួរបញ្ជាក់ថា មេដឹកនាំមកពីបណ្តាប្រទេសចំនួន ៦០ បានមកចូលរួមក្នុងកិច្ចប្រជុំថ្ងៃទីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាល UN ក្នុងទីក្រុងញូយ៉ក ដោយអគ្គលេខាធិការលោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (António Guterres)។ ប្រធានបទក្នុងកិច្ចប្រជុំនាឆ្នាំ២០១៩នេះ ហាក់កំពុងងាករេចង្កូតខ្លាំងទៅលើកិច្ចគាំពារបរិស្ថាន នៃភពផែនដីរបស់យើង ខណៈបញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូន និងឥណ្ឌូណេស៊ី កំពុងក្លាយជាឧទាហរណ៍នៃរឿងនេះ៕