(គូឡាឡាំពួ)៖ ម៉ាឡេស៊ីនឹងចាប់ផ្តើមដាក់ចេញ គម្រោងធ្វើតេស្តប្រព័ន្ធសេវា 5G នៅខែក្រោយនេះក្រោមក្តីសង្ឃឹមថា ខ្លួននឹងក្លាយជាប្រទេសមុនគេមួយនៅតំបន់អាស៊ី ដែលនឹងបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណែតល្បឿនលឿននេះ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីទំនាក់ទំនង និងផ្សព្វផ្សាយម៉ាឡេស៊ី លោក ហ្គោបាញ ស៊ីង ដេអូ (Gobind Singh Deo) នាថ្ងៃអង្គារនេះបានប្រាប់ថា កិច្ចប្រឹងប្រែងងាកទៅចាប់ផ្តើមការធ្វើតេស្តប្រព័ន្ធ 5G ឲ្យបានឆាប់ ដោយសង្ឃឹមថានឹងអាចជួយឲ្យប្រទេសម៉ាឡេស៊ី ក្លាយខ្លួនជាអ្នកនាំមុខគេមួយ ខាងការប្រើប្រាស់ប្រព័ន្ធ 5G នៅក្នុងពិភពលោក។ យោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុន GSMA នៅឆ្នាំ២០២៥ ១ភាគ៥ នៃការប្រើប្រាស់បណ្តាញសេវាអ៊ីនធើណែតចល័ត នៅក្នុងប្រទេសម៉ាឡេស៊ី នឹងដំណើរការដោយផ្អែកលើប្រព័ន្ធ 5G។
រដ្ឋាភិបាលម៉ាឡេស៊ីធ្លាប់បានបញ្ជាក់ថា ខ្លួនចង់ចាប់ផ្តើមការប្រើប្រាស់ប្រព័ន្ធសេវា 5G ឲ្យបានឆាប់បំផុត គឺនៅឆ្នាំក្រោយនេះតែម្តង ហើយមិនដូចវៀតណាម ឬប្រទេសអភិវឌ្ឍន៍មួយចំនួនទៀតឡើយ គឺម៉ាឡេស៊ីមិនបារម្ភក្នុងការអនុញ្ញាតឲ្យ ក្រុមហ៊ុនទូរគមនាគមន៍ម៉ាឡេស៊ី ទៅចាប់ដៃគូសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា-ទូរគមនាគមន៍ដ៏ធំរបស់ចិនគឺ Huawei នោះឡើយ។
គួរជម្រាបថា ក្រុមហ៊ុន Huawei មានកិច្ចព្រមព្រៀងបឋមរួចស្រេចស្តីពីកិច្ចសហប្រតិបត្តិការ 5G ជាមួយក្រុមហ៊ុនម៉ាឡេស៊ីដូចជា Celcom, Telekom Malaysia និង Maxis។ ទោះជាកំពុងនាំមុខគ្នាក៏ដោយក្តី Huawei ក៏មានគូប្រជែងមួយចំនួនក្នុងវិស័យ 5G ដែរ រួមមានក្រុមហ៊ុន Ericsson របស់ស៊ុយអែត, ក្រុមហ៊ុន Nokia របស់ហ្វាំងឡង់ និងក្រុមហ៊ុន ZTE របស់ចិនដូចគ្នា៕