(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានលើកឡើងថា ទាំងអង្គការសហប្រជាជាតិ (UN) និងក្រុមប្រឹក្សាសន្តិសុខរបស់ UN គឺគួរតែត្រូវធ្វើកំណែទម្រង់ចេញម្តងទើបល្អ ខណៈបើបណ្តោយឲ្យនៅដូចសព្វថ្ងៃនេះតទៀត គឺមិនកើតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តីជប៉ុនបាននិយាយបែបនេះ ក្នុងឱកាសនៃការថ្លែងសុន្ទរកថា នៅសម័យប្រជុំទី ៧៤ នៃមហាសន្និបាតរបស់ UN ហើយលោកថែមទាំងបានបង្ហាញក្តីសង្ឃឹមថា ការកែទម្រង់នៅក្នុងស្ថាប័នអន្តរជាតិកំពូលនេះ នឹងអាចកើតមានឡើងនាពេលឆាប់ៗ ព្រោះវាជារឿងដ៏ចាំបាច់។ ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ ក៏ទើបតែបានរិះគន់ UN ដែរថា ជាភាពបរាជ័យរបស់ពិភពលោក។
កាលពីខែកក្កដាកន្លងទៅ ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ លោកស្រី ម៉ារៀ ហ្វឺណាន់ដា អេស្ពីណូសា ហ្គាសេស (Maria Fernanda Espinosa Garces) ធ្លាប់បានសង្ឃឹមថា នឹងអាចមានសេចក្តីសម្រេចមួយពាក់ព័ន្ធនឹង ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខរបស់ UN ត្រូវអនុម័តនៅក្នុងឆ្នាំនេះ។ នាពេលនោះលោកស្រី Garces បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខ UN គួរតែកែទម្រង់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការធ្វើប្រាស្រ័យទាក់ទង និងទំនាក់ទំនងរវាងសមាជិក។
គួរជម្រាបថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) មានសមាជិកអចិន្រ្តៃយ៍ចំនួន ០៥ គឺសហរដ្ឋអាមេរិក ចិន រុស្ស៊ី ចក្រភពអង់គ្លេស និងបារាំង ដែលសុទ្ធតែមានអំណាចជំទាស់ (Veto) រួមជាមួយសមាជិកមិនអចិន្ត្រៃយ៍ ១០ ប្រទេសទៀត។ យ៉ាងណាមិញមតិភាគច្រើនយល់ឃើញថា ស្ថាប័ននេះសព្វថ្ងៃ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសទាំង ០៥នោះប៉ុណ្ណោះ ដែលបានធ្វើឲ្យដំណោះស្រាយជាច្រើនត្រូវរាំងស្ទះរួចមកហើយ៕