(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានលើកឡើងពីបញ្ហាទីស្នាក់ការកណ្ដាល អង្គការសហប្រជាជាតិ (UN) បច្ចុប្បន្ននៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន មិនព្រម ចេញទិដ្ឋាកា ឬ Visa ឱ្យក្រុមមន្ត្រីប្រតិភូរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត UN លើកទី៧៤។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើរបស់លោក Lavrov ត្រូវបានមជ្ឈដ្ឋានខ្លះមើលឃើញថាលោកចង់ឱ្យទីស្នាក់ការកណ្ដាល UN រើចេញពីសហរដ្ឋអាមេរិក។ លោកប្រមុខការទូតរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានរុស្ស៊ី Kommersant ដូច្នេះថា៖ « នៅពេលដែលទិដ្ឋាកាមិនត្រូវបានចេញឱ្យក្រុមមន្ត្រីប្រតិភូជាន់ខ្ពស់រុស្ស៊ី ដើម្បីចូលរួម ក្នុងកិច្ចប្រជុំនៃគណៈកម្មាការរំសាយអាវុធ UN កាលពីខែមេសា នៅឆ្នាំ២០១៩នេះ រួមទាំងកិច្ចប្រជុំកំពូល មហាសន្និបាត UN យើងយល់ថាកិច្ចប្រជុំនៃគណៈកម្មាការនេះ មិនត្រូវធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ទៀតនោះទេ ...ហើយវាក៏ដល់ពេលដែលយើងទាំងអស់ត្រូវលើកឡើងពីបញ្ហាទីស្នាក់ការកណ្ដាល UN នាពេលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសរុស្ស៊ី សហរដ្ឋអាមេរិកមិនបានចេញ Visa ឱ្យក្រុមមន្ត្រីប្រតិភូរុស្ស៊ី១០នាក់ នាក់ ក្នុងនោះរួមទាំងសមាជិកសភាជាន់ខ្ពស់ លោក Konstantin Kosachev និងប្រធានគណៈកម្មាធិការកិច្ចការ អន្តរជាតិនៃសភារុស្ស៊ី លោក Leonid Slutsky ដើម្បីចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត UN លើកទី៧៤ ដែល កំពុងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃ៣០ ខែកញ្ញា ក្នុងទីក្រុងញូយ៉ក នោះទេ។ ប៉ុន្តែទន្ទឹមគ្នា ក្រៅពីរុស្ស៊ី ក្រុមមន្ត្រី អ៊ីរ៉ង់ និងវេណេស៊ុយអេឡាជាច្រើននាក់ ក៏ត្រូវបានគេរាយការណ៍ដែរថា មិនត្រូវបានសហរដ្ឋអាមេរិកចេញ Visa ឱ្យនោះឡើយ៕