(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលចិនបានសម្តែងការប្រឆាំងជាខ្លាំង បន្ទាប់ពីគណៈកម្មាធិការមួយនៃសភាសហរដ្ឋអាមេរិក បានផ្តល់សំឡេងគាំទ្រចំពោះសេចក្តីព្រាងច្បាប់ថ្មី ដែលសំដៅលូកដៃចូលបញ្ហាទីក្រុងហុងកុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) បាននិយាយថា សេចក្តីព្រាងច្បាប់របស់អាមេរិកស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យហុងកុង កំពុងតែមានការភ័ន្តច្រឡំរវាងអ្វីដែលខុស និងអ្វីដែលត្រូវ ដោយមិនខ្វល់ពីធាតុពិតជាក់ស្តែងឡើយ ហើយវានឹងកាន់តែជំរុញឲ្យមានអំពើហិង្សាជ្រុលនិយម នៅក្នុងទីក្រុងហុងកុងថែមទៀត ខណៈសេចក្តីព្រាងច្បាប់នេះអាចត្រូវបានចាត់ទុកថា ជាការចេះឈឺឆ្អាលបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន ដោយឥតខ្មាសអៀន។
គួរជម្រាបថា សេចក្តីព្រាងច្បាប់ខាងលើ កាន់តែខិតជិតទៅរកការក្លាយជាច្បាប់ពេញលេញ បន្ទាប់ពីទើបតែទទួលបានការបោះឆ្នោតគាំទ្រ យ៉ាងពេញទំហឹងដោយគណៈកម្មាធិការចំនួនពីរ នៅសភាតំណាងរាស្រ្ត និងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក។ សម្រាប់ជំហានបន្ទាប់ទៀត វានឹងត្រូវឆ្លងកាត់ការបោះឆ្នោតដោយសមាជិកសភា ក៏ដូចជាព្រឹទ្ធសភាទាំងអស់ ដែលអាចនឹងកើតមានឡើងនៅខែតុលាខាងមុខ។
សេចក្តីព្រាងច្បាប់នោះមានគោលដៅដើរតួនាទីជា ការធ្វើវិសោធនកម្មនៃច្បាប់កាលពីឆ្នាំ១៩៩២ របស់អាមេរិកពាក់ព័ន្ធនឹងទីក្រុងហុងកុង ដែលវាបានអនុញ្ញាតឲ្យអាមេរិករក្សាចំណងទាក់ទងផ្នែកអាជីវកម្ម និងផ្នែកដទៃៗទៀត នៅក្នុងហុងកុងឲ្យនៅដូចដើមដដែល បន្ទាប់ពី ទីក្រុងនេះត្រូវបានចក្រភពអង់គ្លេសប្រគល់ឲ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧។ ប្រសិនបើសេចក្តីព្រាងនេះ ក្លាយជាច្បាប់ពេញលេញនោះ វានឹងតម្រូវឲ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មមន្រ្តីចិនទាំងឡាយណា ដែលទីក្រុងវ៉ាស៊ីនតោនកំណត់ថា បានបំផ្លាញសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ទីក្រុងហុងកុង៕