(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់ទុកថាការបើកការស៊ើបអង្កេត ដើម្បីចាប់ផ្តើមដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់រូបលោកពីតំណែងគឺជា «រឿងកំប្លែងមួយគួរឱ្យអស់សំណើច» ខណៈមន្ត្រីបក្សប្រជាធិបតេយ្យហៅការលើកឡើងបែបនេះ ជាសម្ដីរបស់មេម៉ាហ្វយ៉ា (បងធំ) ម្នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាត UN លើកទី ៧៤ នៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានអះអាងថា លោកមិនបានរំលោភអំណាចអ្វីទាំងអស់ បើទោះជាព័ត៌មានលម្អិតនៃកិច្ចសន្ទនាតាមទូរស័ព្ទជាង ៣០នាទី ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលចេញ ផ្សាយដោយសេតវិមាន ទទួលស្គាល់រូបលោកពិតជាបានជំរុញឱ្យអ៊ុយក្រែន ស៊ើបអង្កេតលើលោក Joe Biden និងកូនប្រុសក៏ដោយ។
លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជារឿងកំប្លែងគួរឱ្យអស់សំណើច... ចង់ចោទប្រកាន់ខ្ញុំមែនទេ? តើដែលមានទេនៅពេលដែលអ្នកគ្រាន់តែមានជំនួបដ៏អស្ចារ្យ ឬមានកិច្ចសន្ទនាតាមទូរស័ព្ទដ៏អស្ចារ្យត្រូវបានគេចោទប្រកាន់ ឬចង់ទម្លាក់ចេញពីតំណែង»។ តែយ៉ាងណាក៏ដោយ ជាការឆ្លើយសមាជិកសភាជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យ លោក អាដាម ស្គីហ្វ (Adam Schiff) បានហៅការលើកឡើងរបស់លោក ត្រាំ ថាជាសម្ដីរបស់មេម៉ាហ្វីយ៉ា។ «នេះគឺជារបៀបនិយាយរបស់ មេម៉ាហ្វីយ៉ាម្នាក់... តើអ្នក (លោក ត្រាំ) បានធ្វើអ្វីខ្លះសម្រាប់ពួកយើង? ហើយអ្វីទៅជាការជួយសម្រួល? ការពិតវាគឺជា ការជួយសម្រួលឱ្យមានការស៊ើបអង្កេតលើគូប្រជែងនយោបាយរបស់គាត់ គឺលោក បៃដិន (Biden) និងកូន»។
គួរបញ្ជាក់ថា សេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះបានបញ្ចេញព័ត៌មានលម្អិត ពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរស័ព្ទរវាង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) ក្រោយគណបក្សប្រជាធិបតេយ្យបើកការស៊ើបអង្កេតមួយ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់រូបលោកចេញពីតំណែង។
បើតាមព័ត៌មានលម្អិតខាងលើ លោក ត្រាំ បានស្នើលោក Zelensky កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅឱ្យបើកការស៊ើបអង្កេតពីបទពុករលួយ លើគូប្រជែងរបស់លោកគឺ បេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden)។ ពោលគឺការស៊ើបអង្កេតនេះ មានបំណងបញ្ជាក់ថាតើលោក Biden បានរារាំង ឬក៏បញ្ឈប់ ការស៊ើបអង្កេតលើក្រុមហ៊ុនឧស្ម័នដ៏ធំមួយរបស់អ៊ុយក្រែន ដែលកូនប្រុសរបស់ លោកកំពុងធ្វើការឱ្យ ឬក៏យ៉ាងណា។
ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានបើកការស៊ើបអង្កេតមួយជាផ្លូវការ ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែងរដោយចោទថា ប្រធានាធិបតីអាមេរិករូបនេះបានស្វះស្វែងរកការគំាទ្រពីបរទេស ដើម្បីផ្ដួលរំលំគូប្រជែងលោក ចូ បៃដិន (Joe Biden) មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០៕