(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានបើកការស៊ើបអង្កេតមួយជាផ្លូវការហើយ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់លោក ដូណាល់ ត្រាំចេញពីតំណែង ដោយចោទថា ប្រធានាធិបតីអាមេរិករូបនេះ បានស្វះស្វែងរកការគំាទ្រពីបរទេសដើម្បីផ្ដួលគូប្រជែងរបស់លោក គឺលោក Joe Biden មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។
ការប្រកាសបើកការស៊ើបអង្កេតខាងលើ ធ្វើឡើងដោយប្រធានសភាអាមេរិក នៃគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបិទទ្វារមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ភាពចម្រូងចម្រាស់ នយោបាយអាមេរិក បានផ្ទុះឡើងជាថ្មី ក្រោយមានសេចក្ដីរាយការណ៍នាពេលថ្មីៗនេះថាលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ហើយបើទោះជាអ្វីដែលបានកើត ឡើងឱ្យប្រាកដនៅក្នុងកិច្ចសន្ទនានេះ មិនទាន់អាចបានបញ្ជាក់ឱ្យច្បាស់ក៏ដោយ ប៉ុន្តែខាងបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក ត្រាំ ថាបានគំរាមកំហែងកាត់បន្ថយជំនួយយោធា ដើម្បីបងំ្ខឱ្យអ៊ុយក្រែនបើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំង នឹងបេក្ខជនប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ លោក Joe Biden និងកូនប្រុសរបស់លោកឈ្មោះ Hunter។
ដោយឡែក លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះក៏បានទទួលស្គាល់ដែរថា លោកពិតជាបានពិភាក្សាពីរឿង លោក Joe Biden ជាមួយលោក Zelensky ពិតមែន ប៉ុន្តែបញ្ជាក់ថាលោកគ្រាន់តែព្យាយាមបញ្ចុះបញ្ចូលឱ្យអឺរ៉ុបបង្កើនជំនួយដល់អ៊ុយក្រែន តាមរយៈការគំរាមកាត់បន្ថយជំនួយយោធាតែប៉ុណ្ណោះ។
* តើ impeachment (នីតិវិធីចោទប្រកាន់) មានន័យដូចម្ដេច?
Impeachment ឬនិតិវិធីចោទប្រកាន់ ឬក៏នីតិវិធីទម្លាក់ចេញពីតំណែង គឺជានីតិវិធីនយោបាយមួយសំដៅចោទប្រកាន់ប្រឆាំងនឹងមន្ត្រីស៊ីវិល ក្នុងនោះរួមមានទាំងប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក ដើម្បីបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតទម្លាក់ចេញពីតំណែងក្នុងករណីរកឃើញថា បានប្រព្រឹត្តទង្វើក្បត់ជាតិ ពុករលួយ ឬបទឧក្រិដ្ឋជាក់ស្ដែងធ្ងន់ធ្ងរមួយចំនួនដទៃទៀត ផ្អែកលើមាត្រា ២, កថាខណ្ឌទី៤ នៃរដ្ឋធម្មនុញ្ញអាមេរិក។
នីតិវិធីចោទប្រកាន់ និងការបណ្ដេញចេញពីតំណែង គឺជារឿងពីរដាច់ដោយឡែកពីគ្នា ពោលគឺ impeachment គ្រាន់តែជានីតិវិធីបើកផ្លូវចោទប្រកាន់លើប្រធានាធិបតីអាមេរិកម្នាក់ពីការប្រព្រឹត្តបទឧក្រិដ្ឋណាមួយ មុនឈាន ដល់ដំណើរការបោះឆ្នោតទម្លាក់ចេញពីតំណែងតែប៉ុណ្ណោះ។
* តើអ្វីទៅជាការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ប្រធានាធិបតី?
ការស៊ើបអង្កេតនេះគឺជាដំណាក់ដំបូង មុននឹងឈានទៅដល់ដំណើរការការចោទប្រកាន់ ឬនីតិវិធីទម្លាក់ ប្រធានាធិបតីពីដំណែង។ ក្នុងន័យនេះ សមាជិកសភាអាមេរិកត្រូវស៊ើបអង្កេតឱ្យដឹងថា តើលោក ត្រាំ ពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយ ដែលមិនសក្តិសមបន្តកាន់តំណែងជាប្រធានាធិបតីតទៀត ឬក៏យ៉ាងណា?
* តើការស៊ើបអង្កេតនេះប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
នៅថ្ងៃអង្គារសប្ដាហ៍នេះ ប្រធានសភានៃគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi បានប្រកាសថា គណៈកម្មាធិការសភាសំខាន់ៗទាំង៦ បានត្រៀមខ្លួនរួចជាស្រេចដើម្បីស៊ើបអង្កេតលើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ បើសិនជាការស៊ើបអង្កេតបញ្ជាក់ថា មានហេតុផលគ្រប់គ្រាន់ក្នុងការដំណើរការ ការចោទប្រកាន់ ឬនីតិវិធីទម្លាក់ពីតំណែងនោះគណៈកម្មាធិការយុត្តិធម៌នៃសភា នឹងគូសវាសឡើងនូវមាត្រា នៃរដ្ឋធម្មនុញ្ញដែលចែងអំពី impeachment ហើយបន្ទាប់មក ទើបគណៈកម្មាធិការយុត្តិធម៌ និងសភាតំណារាស្ត្រ បោះឆ្នោតអនុម័តលើការអនុវត្តមាត្រានេះ។
* តើ impeachment ត្រូវចំណាយរយៈពេលប៉ុន្មាន?
រយៈពេលនៃការដំណើរការនីតិវិធីទម្លាក់ពីតំណែង ឬចោទប្រកាន់ប្រឆាំងប្រធានាធិបតី អាចត្រូវចំណាយរយៈពេលវែង ឬខ្លី ទៅតាមសភាតំណាងរាស្ត្រចង់បាន។ ប៉ុន្តែ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន គេយល់ថាខាង គណបក្សប្រជាធិបតេយ្យអាចនឹងកំណត់ពេលវេលាចាប់ពីពេលនេះតទៅ ពីព្រោះការបោះឆ្នោតប្រធានាធិបតី អាមេរិកឆ្នាំ២០២០ កាន់តែខិតជិតមកដល់។ ម្យ៉ាងវិញទៀត មុនផ្ទុះរឿងអាស្រូវជាមួយអ៊ុយក្រែន ការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកភាគច្រើន មិនគាំទ្រដំណើរនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងនោះទេ។
* តើនរណាអាចចោទប្រកាន់ប្រធានាធិបតីអាមេរិក?
អ្នកដែលមានអំណាចចោទប្រកាន់ប្រធានាធិបតី គឺសភាទាំងពីររបស់សហរដ្ឋអាមេរិក (ព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត)។ ជាពិសេសគឺសភាតំណាងរាស្ត្រ ដែលបច្ចុប្បន្នគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ អាចបោះឆ្នោតដើម្បីចោទប្រកាន់ប្រធានាធិបតីម្នាក់ ពីការប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយបាន។ ប៉ុន្តែរឿងបែប នេះមិនមែនងាយស្រួលឡើយ ព្រោះខាងគណបក្សសាធារណរដ្ឋនឹងមិនបោះឆ្នោតប្រឆាំងគ្នាឯងនោះទេ។
នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក Andrew Johnson និង លោក Bill Clinton គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ ឬទម្លាក់ចេញពីតំណែង (មិនទាន់បានទម្លាក់ទេ) ខណៈលោក Richard Nixon បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិកណាម្នាក់ ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងឡើយ។
* តើព្រឹទ្ធសភាអាមេរិក អាចនឹងបោះឆ្នោតទម្លាក់លោក ត្រាំ ពីតំណែងដែរឬទេ?
ជាប្រពៃណី ខាងសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ មិនដែលបោះឆ្នោតប្រឆាំងនឹងគ្នាឯងទេ ហើយគេក៏អាចរំពឹងដែរថា ពួកគេនឹងមិនបោះឆ្នោតប្រឆាំងលោក ដូណាល់ ត្រាំ ឡើយ ដោយសារតែខ្លាចប៉ះពាល់ដល់មុខមាត់បក្សទាំងមូល។ ម្យ៉ាងវិញទៀត កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមអ្នកសាធារណរដ្ឋភាគច្រើនសុទ្ធតែនាំគ្នា ចេញមុខការពារលោក ត្រាំ ជាមុនរួចស្រេចទៅហើយ។ សព្វថ្ងៃព្រឹទ្ធសភាអាមេរិកគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ។
* តើលោក ដូណាល់ ត្រាំ អាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២០ បើទោះជាត្រូវបានគេចោទប្រកាន់ជាផ្លូវការ?
បើសិនជាលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ជាផ្លូវការ ឬត្រូវបានសភាតំណាងរាស្ត្រដំណើរការនីតិវិធី ទម្លាក់ពីអំណាច លោកនៅតែអាចចូលរួមក្នុងការបោះឆ្នោតបានដដែល។ ប៉ុន្តែឧទាហរណ៍ បើលោកត្រូវបានគេទម្លាក់ពីអំណាចតែម្ដងនោះរឿងនេះគេពិបាកនិយាយណាស់ ព្រោះវាមិនដែលកើតឡើងឡើយ ដូច្នេះគេមានតែពឹងលើរដ្ឋធម្មនុញ្ញអាមេរិកតែប៉ុណ្ណោះ៕
ប្រភព៖ Washington Post (ថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩)