(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃចន្ទនេះ បានប្តេជ្ញាថាលោកនឹងបន្តប្រកាន់ខ្ជាប់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» នៅទីក្រុងហុងកុង ចំពោះមុខការធ្វើបាតុកម្មប៉ុន្មានខែមកហើយ ក្នុងទីក្រុងស្វយ័តពិសេសនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
កំឡុងពិធីលាងសាយភោជន៍មួយក្នុងទីក្រុងប៉េកាំង មុនការប្រារព្ធខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី បានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបន្តអនុវត្តន៍ដោយពេញលេញហើយស្មោះត្រង់ នូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» នៅទីក្រុងហុងកុងក៏ដូចជាម៉ាកាវ ដើម្បីឲ្យទីក្រុងទាំងពីរមានសិទ្ធិស្វ័យភាពកម្រិតខ្ពស់។
លោក ស៊ី ជិនពីង បានបន្តដូច្នេះថា «ពួកយើងមានជំនឿជឿជាក់ថា តាមរយៈការគាំទ្រយ៉ាងពេញទំហឹងពី រដ្ឋាភិបាលចិនដីគោក បូករួមជាមួយកិច្ចប្រឹងប្រែងរួមរបស់ជនរួមជាតិចិន នៅហុងកុងព្រមទាំងម៉ាកាវ ដែលមានទឹកចិត្តស្រឡាញ់ប្រទេសចិនទាំងមូល ហុងកុងនឹងទទួលបាននូវវិបុលភាពក៏ដូចជាវឌ្ឍនភាព»។
គួរជម្រាបថា ទីក្រុងហុងកុងបានធ្លាក់ក្រោមភាពវឹកវរចាប់តាំងពីខែមិថុនាមក នៅពេលដែលចលនាបាតុកម្មទ្រង់ទ្រាយធំបានចាប់ ផ្តើមផ្ទុះឡើង ហើយមកទល់ពេលនេះមិនទាន់បានរំសាយទៅវិញឡើយ។ ក្រុមបាតុករបានធ្វើការតវ៉ាយ៉ាងកក្រើកបែបនេះ ដោយ សារពួកគេជឿជាក់ថា ហុងកុងកំពុងតែបាត់បង់សិទ្ធិសេរី។ ដោយឡែក នៅថ្ងៃស្អែកនេះ ចិននឹងប្រារព្ធខួបទី៧០នៃថ្ងៃកំណើត ប្រទេសខ្លួនយ៉ាងអធិកអធម ដោយរួមមានទាំងការធ្វើព្យុហយាត្រាយោធាដ៏ធំសម្បើម៕