(ប៉េកាំង)៖ យន្តហោះចម្បាំងទំនើបបំផុតរបស់ចិន J-20 ដែលពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាមួយរយៈចុងក្រោយនេះ បានបង្ហាញវត្តមានជាក្បួនហោះហើរពីលើទីលាន ធានអានមិន នៃរដ្ឋធានីប៉េកាំង ក្នុងឱកាសនៃការប្រារព្ធខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC 1949-2019)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
ការហោះហើរសម្តែងរាងខាងលើនេះ គឺជាផ្នែកមួយនៃក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើម ដើម្បីអបអរទិវាជាតិដែលពិភពលោកចាប់អារម្មណ៍ មើលឥទ្ធិពលចិនកំពុងរីកចំរើនកាន់តែខ្លាំង ក្នុងនាមជាមហាយក្សសេដ្ឋកិច្ចលេខ ២ និងមហាយក្សយោធាលេខ ៣ នៅលើពិភពលោក។
គួរបញ្ជាក់ថា ក្បួនយន្តហោះចម្បាំង J-20 ខាងលើនេះក៏ត្រូវបានអមដំណើរផងដែរដោយយន្តហោះចម្បាំង J-16 និង J-10C សរុបចំនួន ១០គ្រឿង។ យន្តហោះចម្បាំងទាំងនេះ គឺសុទ្ធសឹងតែត្រូវបានផលិតដោយចិន ហើយពួកវានឹងត្រូវបង្កើនចំនួនបន្ថែមទៀត ដើម្បីដាក់ពង្រាយនៅលើនាវាដឹកយន្តហោះចម្បាំងចិន ដែលបច្ចុប្បន្នមានចំនួនពីរគ្រឿង៕