អតីតមន្ត្រីការពារជាតិអ៊ីរ៉ង់ «ត្រូវតុលាការកាត់ទោសប្រហារជីវិត» ពីបទធ្វើចារកម្មឲ្យអាមេរិក (Video inside)

01-10-2019 15:54

(តេហេរ៉ង់)៖ តុលាការអ៊ីរ៉ង់បានផ្ដន្ទាទោសប្រហារជីវិត អតីតមន្ត្រីក្រសួងការពារជាតិម្នាក់ ពីបទធ្វើចារកម្មឱ្យសហរដ្ឋអាមេរិក។ នេះបើតាមសម្តីអ្នកនាំពាក្យតុលាការ លោក ហ្គោឡាំហូស្សេន អ៊ីស្មៃលី (Gholamhossein Esmaili) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។

លោក Gholamhossein Esmaili បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «មន្ត្រីចារកម្មម្នាក់ ដែលធ្លាប់បម្រើការងារឱ្យក្រសួងការពារជាតិអ៊ីរ៉ង់ ត្រូវបានផ្ដន្ទាទោសប្រហារជីវិត ពីបទធ្វើចារកម្មឱ្យសហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យដដែលមនុស្ស ០៣នាក់ផ្សេងទៀត ក៏ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំផងដែរ ហើយក្នុងនោះមាន ០២នាក់ ជាប់ចោទពីបទធ្វើចារកម្មឱ្យសហរដ្ឋអាមេរិក និងម្នាក់ទៀតជាប់ចោទពីបទធ្វើចារកម្មឱ្យចក្រភពអង់គ្លេស៕