(ហុងកុង)៖ ប៉ូលិសហុងកុងម្នាក់ បានបាញ់បាតុករម្នាក់ឱ្យរងរបួសធ្ងន់ចំទ្រូង បន្ទាប់ពីរូបគាត់ និងប៉ូលិស ដទៃទៀត រងការវាយប្រហារពីសំណាក់ក្រុមបាតុករមួយចំនួន កំឡុងបាតុកម្មតវ៉ាមួយ ក្នុងទីក្រុងហុងកុង នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សាក្សីនៅកន្លែងកើតហេតុជាច្រើននាក់ បានឱ្យដឹងថា ប៉ូលិសហុងកុងម្នាក់ បានសម្រេចចិត្តដកកាំភ្លើងបាញ់លើបាតុករម្នាក់ ចំទ្រូងនៅក្នុងសង្កាត់ Tsuen Wan ក្រោយរូបគាត់រងការវាយប្រហារ។ ដោយឡែក ប៉ូលិសហុងកុង ក៏បានអះអាងដែរថា ប៉ូលិសរូបនេះប្រើប្រាស់កាំភ្លើង ដើម្បីការពារខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែល បាតុកររងបួសដោយសារគ្រាប់កាំភ្លើងពិត នៅក្នុងបាតុកម្មតវ៉ាជាច្រើនខែមកនេះ។
គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បាតុករខាងលើ ដែលត្រូវបានប៉ូលិសបាញ់ឱ្យរបួស គឺជាបុរសម្នាក់មានអាយុ១៨ឆ្នាំ ខណៈមនុស្សជាង ៣០នាក់ផ្សេងទៀត ក៏កំពុងសម្រាកព្យាបាលនៅក្នុង មន្ទីពេទ្យផងដែរ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយប៉ូលិស៕