(ឥណ្ឌូណេស៊ី)៖ កោះ Komodo នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាទីជម្រករបស់នាគរាជ Komodo នឹងមិនត្រូវបិទទ្វារសម្រាប់ភ្ញៀវទេសចរ នៅឆ្នាំ២០២០ឡើយ ប៉ុន្តែភ្ញៀវទេសចរ អាចនឹងត្រូវបង់ប្រាក់ ១,០០០ដុល្លារ ដើម្បីចូលទស្សនាកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
ព័ត៌មានខាងលើ គឺផ្ទុយទាំងស្រុងទៅនឹងសេចក្ដីប្រកាសមួយរបស់អាជ្ញាធរឥណ្ឌូណេស៊ី កាលពីខែកក្កដា កន្លែងទៅ ដែលអះអាងថាកោះ Komodo អាចនឹងត្រូវបិទទា្វរនៅខែមករា ឆ្នាំ២០២០ ដើម្បីការពារ សត្វនាគរាជ Komodo និងទីជម្រករបស់ពួកវា។
គួរបញ្ជាក់ថា បច្ចុប្បន្ន ភ្ញៀវទេសចរ ត្រូវបង់ប្រាក់១០ដុល្លារ ដើម្បីចូលទស្សនា និងកម្សាន្តនៅលើកោះ Komodo ហើយកាលពីឆ្នាំ២០១៨ ភ្ញៀវទេសចរ ១៧៦,០០០នាក់ បានចូលទៅកម្សាន្តកោះមួយនេះ បើធៀបទៅនឹងឆ្នាំ២០០៨ មានតែ ៤៤,០០០នាក់ប៉ុណ្ណោះ៕