(សេអ៊ូល)៖ យោធាកូរ៉េខាងត្បួង បានអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងនៅព្រឹកថ្ងៃពុធ នេះទំនងជាប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក (SLBM)។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានថ្កោលទោស និងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះការធ្វើតេស្ដមីស៊ីលនេះ ដែលកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី ទីក្រុងព្យុងយ៉ាង យល់ព្រមជួបចរចាឡើងវិញជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។
គួរបញ្ជាក់ថា មុនដំបូងឡើយ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមិនស្គាល់ ម៉ាកចំនួនពីរគ្រាប់នៅព្រឹកថ្ងៃពុធនេះ ដោយមួយគ្រាប់បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៃឆ្នេរសមុទ្រក្នុងខេត្ត Shimane និងមួយគ្រាប់ទៀតធ្លាក់នៅខាងក្រៅតំបន់នេះ៕