(តៃប៉ិ)៖ សាកសពមនុស្សបួននាក់ហើយត្រូវបានទាញចេញ ពីក្រោមគំនរស្ពានបាក់មួយកន្លែង នៅកោះតៃវ៉ាន់ ខណៈក្រុមអ្នកជួយសង្រ្គោះនៅតែបន្តតាមស្វែងរកមនុស្ស ០២នាក់ ផ្សេងទៀតដែលកំពុងបាត់ខ្លួននៅឡើយ។ នេះបើតាមឮការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។

កាលីថ្ងៃអង្គារម្សិលមិញ ស្ពានមួយខ្សែបានបាក់ស្រុតនៅកោះតៃវ៉ាន់ ហើយបានសង្កត់លើទូកនេសាទមួយចំនួន ដែលធ្វើដំណើរកាត់ពីខាងក្រោមស្ពាននោះ ហើយមនុស្សចំនួន ០៦នាក់ត្រូវបានគេសង្ស័យថា បានជាប់ខ្លួន។ ចំណែកឯមនុស្សយ៉ាងតិច ១២នាក់ក៏បានទទួលរងរបួសផងដែរ ដោយក្នុងនោះមានទាំងជនជាតិហ្វីលីពីន ០៦នាក់ និងឥណ្ឌូណេស៊ី ០៣នាក់ ដែលសុទ្ធសឹងតែជាអ្នកនេសាទ ក៏ដូចជាអ្នកបើករថយន្តដឹកសាំងជនជាតិតៃវ៉ាន់ម្នាក់។

គួរជម្រាបថា ស្ពានខាងលើមានប្រវែង ១៤០ម៉ែត្រ ស្ថិតនៅឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ និងត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៩៨។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់ ពីមូលហេតុដែលបានបង្កឲ្យបាក់ស្ពាននៅឡើយទេ ស្របពេលអាជ្ញាធរតៃវ៉ាន់កំពុងដឹកនាំការស៊ើបអង្កេត។ កាលពីឆ្នាំ២០០៩ ក៏មានករណីបាក់ស្ពានចំនួនពីរខ្សែផងដែរនៅកោះតៃវ៉ាន់ ដែលបានកើតមានឡើងដោយ ព្យុះទីហ្វុងដ៏កំណាចមួយបោកបក់ និងបណ្តាលឲ្យមនុស្សជាង ៤០០នាក់ស្លាប់៕