(វ៉ាស៊ីនតោន)៖ យន្ដហោះទម្លាក់គ្រាប់បែក B-17 សម័យសង្រ្គាមលោកលើកទី ២ មួយគ្រឿង បានធ្លាក់នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) កំឡុងព្យាយាមចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិប្រ៊េដលី (Bradley) នៃរដ្ឋខុនណិចធីខាត់ (Connecticut) សហរដ្ឋអាមេរិក ដោយផ្ដាច់ជីវិតមនុស្សសរុប ០៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។
យន្ដហោះ B-17 ខាងលើបានធ្លាក់ម៉ោងប្រមាណ ៩៖៥៤នាទីព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) បន្ទាប់ពីយន្ដហោះនេះត្រូវបានគេរាយការណ៍ថា មានបញ្ហាបច្ចេកទេសក្រោយហោះឡើងបានបន្តិច និងព្យាយាមចុះចតវិញភ្លាមៗ។ ប៉ុន្តែបញ្ហា ឬមូលហេតុឱ្យប្រាកដនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក អ្នកដំណើរសរុប ១០នាក់ និងអាកាសយានិក ០៣នាក់ បានស្ថិតនៅលើយន្ដហោះ B-17 នៅពេលមានគ្រោះថ្នាក់កើតឡើង ខណៈមនុស្ស ០៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុ ហើយមនុស្សម្នាក់នៅលើដីក៏បានរងរបួសផងដែរ៕