លោក ពូទីន ខ្សឹបដាក់ម៉េក្រូ៖ «រុស្ស៊ីនឹងលូកដៃចូលការបោះឆ្នោតអាមេរិកនៅឆ្នាំ២០២០» (Video inside)
03-10-2019 10:14
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើឱ្យអ្នកចូលរួមក្នុងវេទិកា Energy Week ផ្ទុះសំណើចបន្ទាប់ពីលោកនិយាយកំប្លែងថា រុស្ស៊ីនឹងលូកដៃចូលក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។
វេទិការ Energy Week ត្រូវបានធ្វើឡើងក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ ហើយនៅពេលនោះដែរអ្នកសារព័ត៌មានទូរទស្សន៍អាមេរិក NBC លោក ឃែរ ស៊ីមម៉ុនស៍ (Keir Simmons) បានជជីកសួរលោក ពូទីន ជុំវិញការចោទប្រកាន់ថា ទីក្រុងម៉ូស្គូ កំពុងព្យាយាមលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក នៅឆ្នាំ២០២០។
ឆ្លើយតបនឹងសំនួរខាងលើនេះ ប្រធានាធិបតីរុស្ស៊ីបានធ្វើឱ្យអ្នកចូលរួមក្នុងវេទិកានេះផ្ទុះសំណើច ក្រោយលោកខ្សឹបដាក់ក្បាលម៉េក្រូថា រុស្ស៊ីនឹងលូកលាន់កិច្ចការបោះឆ្នោតអាមេរិក។ លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនឹងប្រាប់អ្នក... វាជាសំងាត់។ ពិតមែនហើយ យើងនឹងធ្វើរឿងនេះ... ប៉ុន្តែអ្នកមិនត្រូវប្រាប់នរណាម្នាក់ទេ, អូខេ?»។
គួរបញ្ជាក់ថា បើតាមលោក ពូទីន ទីក្រុងម៉ូស្គូនៅមានបញ្ហាក្នុងស្រុកជាច្រើនត្រូវដោះស្រាយ ហើយការដោះស្រាយបញ្ហាទំាងនេះ គឺជាវត្ថុបំណងដ៏សំខាន់របស់រុស្ស៊ី ដែលប្រការនេះមានន័ថា រុស្ស៊ីគ្មានពេលទៅលូកលាន់រឿងអ្នកដទៃឡើយ។ ប៉ុន្តែទោះបីជាការលើកឡើងរបស់លោក ពូទីន គឺជារឿងលេងសើចក៏ដោយ ក៏ទីភ្នាក់ងារសន្តិសុខព័ត៌មានវិទ្យាអាមេរិកបានអះអាងថា ខ្លួនប្រើប្រាស់រាល់អំណាចដែលមាន ដើម្បីទប់ស្កាត់រាល់ការលូកដៃចូលកិច្ចការផ្ទៃក្នុងអាមេរិក៕