(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយលើកឡើងពីជោគជ័យរបស់លោកកាលពីអតីតកាល ក្នុងការហាមឃាត់ការប្រើប្រាស់កំាភ្លើងយោធា នៅក្នុងសហរដ្ឋអាមេរិកជាមួយការសន្យាថា នឹងហាមឃាត់កំាភ្លើងប្រភេទនេះជាថ្មីម្ដងទៀត បើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។
លោក Joe Biden ដែលបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យ ផងដែរនោះបានគូសបញ្ជាក់នៅលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា «ក្នុងឆ្នាំ១៩៩៤ ព្រឹទ្ធសមាជិកសភា ឌីយ៉ាន ហ្វេនស្ទេន (Dianne Feinstein) និងខ្ញុំបានដឹកនាំការតស៊ូ ក្នុងការហាមឃាត់ការប្រើប្រាស់កំាភ្លើងយោធា... យើងបានទទួលជ័យជម្នះលើសមាគមកាំភ្លើងជាតិ NRA ហើយសម្រេចកិច្ចការនេះ ដោយជោគជ័យនៅពេលនោះ... ដូច្នេះបើជាប់ឆ្នោតជាប្រធានាធិបតី ខ្ញុំនឹងហាមឃាត់កាំភ្លើងប្រភេទនេះជាថ្មីម្ដងទៀត»។
គួររំលឹកថា នៅក្នុងឆ្នាំ១៩៩៤ ច្បាប់ហាមឃាត់ប្រើប្រាស់កាំភ្លើងយោធាមានរយៈកាល ១០ឆ្នាំ ត្រូវបានអនុម័តឡើងដោយអតីតប្រធានាធិបតីអាមេរិកលោក បៀល គ្លីនតុន (Bill Clinton) ហើយច្បាប់នេះបានអស់សុពលភាពកាលពីឆ្នាំ២០១៤ ប៉ុន្តែវាមិនត្រូវបានគេដាក់ឱ្យអនុវត្តជាថ្មីនោះទេ៕