(វ៉ាស៊ីនតោន)៖ វាត្រូវបានចាត់ទុកជាការអញ្ជើញបរទេស ឲ្យចូលមកលូកលាន់កិច្ចការបោះឆ្នោត នៅក្នុងប្រទេសខ្លួនឯងកាន់តែច្រើន ក្រោយព័ត៌មានថ្មីទៀតត្រូវបានចេញផ្សាយថា មិនត្រឹមតែអ៊ុយក្រែននោះក្រែន ដោយពេលនេះសូម្បីតែចិន ក៏លោក ដូណាល់ ត្រាំ បានស្នើសុំឲ្យជួយស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងលោក ចូល បៃដិន (Joe Biden) ដែលនឹងក្លាយជាគូប្រជែងធំបំផុតរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី នៅក្នុងឆ្នាំ២០២០ ខាងមុខនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។
មុនពេលចាកចេញពីសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់រដ្ឋផ្លូរីដា លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា លោកជឿជាក់ចំពោះទីក្រុងប៉េកាំងក្នុងការស៊ើបអង្កេតលោក ចូ បៃដិន និងកូនប្រុសរបស់លោកឈ្មោះ ហាន់ធើ បៃដិន (Hunter Biden) ដែលត្រូវជាអ្នកជំនួញមួយរូប។ លោក ត្រាំ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ហេតុដូច្នេះហើយ... ចិនគួរតែចាប់ផ្តើមស៊ើបអង្កេតលើគ្រួសារ បៃដិន... ពីព្រោះអ្វីដែលបានកើតឡើងនៅចិន គឺពិតជាអាក្រក់ដូចអ្វីដែលបានកើតឡើងនៅអ៊ុយក្រែនដូច្នោះដែរ...»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងមេធាវីផ្ទាល់ខ្លួនគឺលោក រូប៊ី ហ្គីវលានី (Rudy Giuliani) បានចោទប្រកាន់អតីតអនុប្រធានាធិបតីលោក ចូ បៃដិន ដែលជាគូប្រជែងឈានមុខមកពីគណបក្សប្រជាធិបតេយ្យ តតាំងនឹងគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ពីបទជួយដល់ការធ្វើជំនួញរបស់កូនប្រុសលោកនៅអ៊ុយក្រែន និងចិន ប៉ុន្តែមិនបានបង្ហាញភស្តុតាងណាមួយត្រូវបានបញ្ជាក់នៅឡើយទេ៕