(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដាក់ការរឹតត្បិតលើការផ្ដល់ទិដ្ឋាការដល់ក្រុមមន្ត្រីចិនមួយចំនួន រួមទាំងសមាជិកគ្រួសាររបស់ពួកគេដែលអាមេរិកចោទថា មានជាប់ពាក់ព័ន្ធនឹងការគាបសង្កត់ និងធ្វើទុក្ខបុកម្នេញលើជនជាតិដើមភាគតិចម៉ូស្លីមអ៊ុយហ្គឺ (Uighurs)។ ជុំវិញទង្វើរបស់អាមេរិកនេះ ស្ថានទូតចិនបានតវ៉ាថា វាជាការរំលោភលើទំនៀមទម្លាប់ការទូត និងប៉ះពាល់ដល់ផលប្រយោជន៍ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

ការសម្រេចចិត្តរឹតត្បិតការផ្ដល់ទិដ្ឋាការខាងលើ ធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បញ្ចូលអង្គភាពចិនចំនួន ២៨ ទៅក្នុងបញ្ជីខ្មៅនៃការរំលោភបំពាន ប្រឆាំងនឹងជនជាតិដើមភាគតិច Uighurs នៅក្នុងតំបន់ ស៊ីជាំង (Xinjiang) ខណៈក្រុមមន្ត្រីនៃប្រទេសទាំងពីរ គ្រោងជួបគ្នាជាថ្មីក្នុងកិច្ចចរចាពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក និងបដិសេធរាល់ការចោទប្រកាន់ដែលខ្លួនចាត់ទុកថា «គ្មានមូលដ្ឋាន»។

គួរជម្រាបថា បើតាមរបាយការណ៍ជាច្រើនរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចោទប្រកាន់លើអាជ្ញាធរចិនថា បានចាប់ឃុំខ្លួនជនជាតិដើមភាគតិចម៉ូស្លីម Uighurs ជាងមួយលាននាក់ នៅតាមមន្ទីរឃុំឃាំងជាច្រើននៅក្នុងតំបន់ Xinjiang។ ប៉ុន្តែទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនមិនទទួលស្គាល់របាយការណ៍ទាំងនេះជាដាច់ខាត ហើយថាអ្វីដែលខ្លួនបានធ្វើ គឺដើម្បីកម្ចាត់អំពើភេរវកម្មតែប៉ុណ្ណោះ៕