(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) កំពុងប្រឈមនឹងការប្រឆាំងពីគណៈរដ្ឋមន្រ្តីរបស់លោកផ្ទាល់ ជុំវិញក្តីបារម្ភថា ការចាកចេញសហភាពអឺរ៉ុប (Brexit) នឹងត្រូវធ្វើឡើង ដោយពុំមានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ព្រោះតែរដ្ឋមន្រ្តីចំនួន ០៥រូប ដែលអាចលាលែងពីតំណែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអង់គ្លេស The Times នាថ្ងៃពុធនេះ រដ្ឋមន្រ្តីទាំង ០៥រូប ដែលអាចនឹងចុះចេញពីតំណែងខាងលើនេះ រួមមានរដ្ឋមន្រ្តីវប្បធម៌លោកស្រី នីកគី ម័រហ្គែន (Nicky Morgan), រដ្ឋមន្រ្តីទទួលបន្ទុកអៀរអង់ខាងជើងលោក ជូលៀន ស្មីត (Julian Smith), រដ្ឋមន្រ្តីយុត្តិធម៌លោក រ៉ូប៊ឺត បាកឡេនដ៍ (Robert Buckland), រដ្ឋមន្រ្តីសុខាភិបាល លោក មាំត់ ហានខក់ (Matt Hancock), និងអគ្គរដ្ឋអាជ្ញា ជីអូហ្វ្រេយ ខូស (Geoffrey Cox)។

គួរជម្រាបថា បច្ចុប្បន្នរដ្ឋាភិបាលអង់គ្លេសកំពុងផ្តោតទៅលើការប្រឹងប្រែង ដើម្បីសម្រេចកិច្ចព្រមព្រៀងថ្មីជាមួយ នៅក្នុងកិច្ចប្រជុំកំពូលជាមួយសហភាពអឺរ៉ុប (EU) នៅថ្ងៃទី១៧ ខែតុលា។ ប្រសិនបើភាគីទាំងពីរពុំអាចធ្វើបានទេនោះ លោក Johnson អាចនឹងត្រូវបង្ខំឲ្យស្នើពន្យារពេលជាលើកទី ៣ សម្រាប់ការធ្វើ Brexit ព្រោះសភាអង់គ្លេសបានអនុម័តច្បាប់ ដែលតម្រូវឲ្យលោកស្នើសុំ EU ពន្យារពេល Brexit ជាថ្មីម្តងទៀតឲ្យបាននៅត្រឹមថ្ងៃទី១៩ ខែតុលា។

សម្រាប់ការពន្យារថ្មីនេះមានគោលដៅលើ Brexit ពីថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០វិញ។ ទោះជាបែបនេះក្តីលោក Johnson នៅតែទទូចចង់ដកចក្រភពអង់គ្លេស ចេញពីសហភាពអឺរ៉ុបនៅចុងខែតុលា នេះតែម្តង៕