(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិតមធ្យម ៥.៧រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រនៃខេត្តជីបា (Chiba) ភាគអាគ្នេយ៍ប្រទេសជប៉ុន ខណៈដែលតំបន់នេះកំពុងតែទទួលរងការវាយប្រហារ ដោយព្យុះទីហ្វុងកំណាចហាហ្គីប៊ី (Hagibis) នាំឲ្យមានគ្រោះរអិលបាក់ដី និងខ្យល់បោកបក់ខ្លាំងជាបណ្តើរៗទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦៖២២នាទីល្ងាចថ្ងៃសៅរ៍នេះ ម៉ោងនៅទីក្រុងតូក្យូដោយមានចំណុចរំញ័រ ចេញពីក្នុងជម្រៅដី ៨០គីឡូម៉ែត្រ។ ដោយឡែកងាកទៅកាន់ព្យុះទីហ្វុង Hagibis វិញវាកំពុងតែបង្កការបោកបក់យ៉ាងខ្លាំង ទៅលើឧបទ្វីបអ៊ីហ្ស៊ុ (Izu) ដែលនាំឲ្យមានការរអិលបាក់ដី និងអាកាសធាតុអាក្រក់ខ្លាំង។

គួរបញ្ជាក់ថា អាជ្ញាធរជប៉ុននៅតែរក្សាការប្រកាសអាសន្នកម្រិតខ្ពស់ ចំពោះព្យុះទីហ្វុង Hagibis នៅតាមបណ្តាខេត្តទាំង ៦ ស្ថិតនៅភាគអាគ្នេយ៍ និងខាងកើត ព្រមទាំងទីក្រុងតូក្យូផងដែរ។ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីចំនួនជនរងគ្រោះបន្ថែមនោះឡើយ ក្រោយពីមនុស្សម្នាក់បានបាត់បង់ជីវិត កាលពីរសៀលថ្ងៃសៅរ៍នេះ៕