(ហុងកុង)៖ ក្រុមមន្ត្រីសន្តិសុខ នៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងចំពោះលទ្ធភាព នៃការវិលត្រឡប់មកផ្ទះវិញ នៃពលរដ្ឋរបស់ខ្លួនរាប់សិបនាក់ ដែលបានទៅចូលរួមជាមួយពួក ISIS និងកំពុងជាប់ឃុំនៅ ក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩។

យោងតាមប្រភពស៊ើបការណ៍សំងាត់ជាច្រើន អ្នកទោសជាក្រុមសកម្មប្រយុទ្ធ ISIS ជាង១២,០០០នាក់ កំពុងជាប់ឃុំ ក្រោមការឃ្លាំមើលរបស់ក្រុមសកម្មប្រយុទ្ធឃើដ នៅឯតំបន់ភាគឦសាន ប្រទេសស៊ីរី។ ប៉ុន្តែបច្ចុប្បន្ន ជោគវាសនា អ្នកទោស ISIS ទាំងនេះកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដោយសារតែប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្ម​ប្រយុទ្ធឃើដពីសំណាក់តួកគី។

ជាក់ស្ដែង ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃបណ្ដាប្រទេសអាស៊ីកណ្ដាល កាលពីថ្ងៃសុក្រកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ខណៈយោធាតួកគីកំពុងធ្វើប្រតិបត្តិការយោធាវាយលុកចូល ភាគខាងជើងនៃប្រទេសស៊ីរី ក្រុមសកម្មប្រយុទ្ធឃើដបានចាប់ផ្ដើមចាកចេញពីតំបន់នេះ ហើយដែលនេះអាចនឹងធ្វើឱ្យ ក្រុមអ្នកប្រយុទ្ធ ISIS រត់គេចខ្លួនចេញពីមន្ទីរឃុំឃាំង ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ។

គួរបញ្ជាក់ថា បើតាមប្រភពស៊ើបការណ៍សំងាត់ជាច្រើន ម៉ាឡេស៊ីមានពលរដ្ឋជាង៦០នាក់ ដែលបានទៅចូលរួមជាមួយ ក្រុមសកម្មប្រយុទ្ធ ISIS នៅស៊ីរី ខណៈឥណ្ឌូណេស៊ីមានរាប់រយនាក់។ ម្យ៉ាងវិញទៀត សូម្បីតែក្រុមអ្នកជំនាញមួយចំនួន ក៏បានព្រមានដែរថា ក្នុងករណីដែលក្រុមអ្នកប្រយុទ្ធ ISIS ត្រឡប់មកកាន់ម៉ាឡេស៊ី ឬឥណ្ឌូណេស៊ី នោះពួកគេអាចនឹង បន្តប្រើមនោគមវិជ្ជាអូសទាញសមាជិកថ្មីៗ ក៏ដូចជារៀបចំគម្រោងវាយប្រហារនានា នៅក្នុងតំបន់៕