(ស៊ីរី)៖ ក្រុមសកម្មប្រយុទ្ធឃើដ នៅក្នុងប្រទេសស៊ីរី បានឱ្យដឹងថារដ្ឋាភិបាលទីក្រុងដាម៉ាស់ បានយល់ព្រមបញ្ជូនកងទ័ព របស់ខ្លួនមកកាន់តំបន់ព្រំដែនភាគខាងជើង ដើម្បីជួយទប់ទល់ជាមួយយោធាតួកគី ដែលកំពុងវាយលុកចូលក្នុងទឹកដីស៊ីរីកាន់តែជ្រៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
ការអះអាងរបស់ក្រុមសកម្មប្រយុទ្ធឃើដ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថារដ្ឋាភិបាលប្រធានាធិបតីលោក បាស្សា អាល់អាសាដ នឹងដាក់ពង្រាយកងទ័ពទៅកាន់តំបន់ព្រំដែន ភាគខាងជើង និងបន្ទាប់ពីសហរដ្ឋអាមេរិក ដកកងទ័ព ១,០០០នាក់ ចេញពីតំបន់មួយនេះ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការសម្រេចចិត្តចាប់ដៃជាមួយរដ្ឋាភិបាលស៊ីរី ត្រូវបានគេមើលឃើញថាក្រុមឧទ្ទាមឃើដ កំពុងស្វែងរកសម្ព័ន្ធមិត្តថ្មីជំនួស សហរដ្ឋអាមេរិក ដែលពួកគេចោទថាបានលួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង តាមរយៈការបណ្ដោយឱ្យតួកគីបើកប្រតិបត្តិការ យោធាបោសសម្អាតក្រុមអ្នកប្រយុទ្ធឃើដ។
គួរបញ្ជាក់ថា តួកគីបានបើកប្រតិបត្តិការយោធាវាយលុកចូលតំបន់ភាគខាងជើង នៃប្រទេសស៊ីរី កាលពីសប្ដាហ៍មុន ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនភៀសខ្លួនស៊ីរី និងកម្ទេចក្រុមឧទ្ទាមឃើដដែលខ្លួនចាត់ទុកថាជាភេរវករ នៅតាមតំបន់ព្រំដែន។ ការវាយប្រហារនេះ បានបណ្ដាលឱ្យជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធឃើដ រាប់សិបនាក់បាត់បង់ ជីវិត ខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគំរាមដាក់ទណ្ឌកម្មតួកគី ដោយក្នុងនោះអាល្លឺម៉ង់ និងបារាំងបានប្រកាសមុន គេពីការផ្អាកការលក់សព្វាវុធឱ្យតួកគី៕