(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រសួងចំនួនពីរ និងមន្ត្រីជាន់ខ្ពស់តួកគីចំនួន ៣រូប ដើម្បីបង្ខំឱ្យទីក្រុងអង់ការ៉ា បញ្ឈប់ជាបន្ទាន់ប្រតិបត្តិការយោធាបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ នៅឯតំបន់ភាគខាងជើង នៃប្រទេសស៊ីរី។ នេះបើតាមអនុប្រធានាធិបតីអាមេរិក លោក Mike Pence ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Mike Pence បានឱ្យដឹងទៀតថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ផងដែរ ដោយអំពាវនាវឱ្យតួកគី បញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់។ លោក Mike Pence បន្ថែមថាលោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា បើតាមក្រសួងរតនាគារជាតិអាមេរិក មន្ត្រីជាន់ខ្ពស់ទាំងបីនាក់ខាងលើដែលជាប់ទណ្ឌកម្ម គឺមាន រដ្ឋមន្ត្រីការពារជាតិ, មហាផ្ទៃ និងរដ្ឋមន្ត្រីថាមពលរបស់តួកគី។ តាមរយៈទណ្ឌកម្មនេះទ្រព្យសម្បត្តិ របស់អ្នកទាំងនេះដែលមាន នៅក្នុងសហរដ្ឋអាមេរិកនឹងត្រូវបង្កក ហើយពួកគេមិនអាចធ្វើកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិកនោះទេ៕