(វ៉ាស៊ីនតោន)៖ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបានទទួលស្គាល់ថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមផលិត កំាភ្លើងធំរយៈចំងាយឆ្ងាយ SLRC ដែលមានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែតបានចំងាយដល់ទៅ ១,៨៥០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Defense News នៅសប្ដាហ៍នេះ លោកវរសេនីយ៍ឯក ចន រ៉ាហ្វហ្វឺធី (John Rafferty) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាំភ្លើងធំ SLRC ដែលគ្រោងបង្ហាញខ្លួននៅឆ្នាំ២០២៣ នឹងបំពាក់ជាមួយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុត ដើម្បីឱ្យវាមានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែតរយៈចំងាយឆ្ងាយ ដល់ទៅ ១,៨៥០គីឡូម៉ែត្រ»។
គួរបញ្ជាក់ថា បើតាមលោក John Rafferty បើសិនជាប្រព័ន្ធកាំភ្លើងធំ SLRC ផលិតបានសម្រេចមែន នោះយោធាអាមេរិកនឹងចំណាយប្រាក់ពី ៤០០,០០០ ដល់ ៥០០,០០០ដុល្លារដើម្បីផលិតគ្រាប់របស់វា។ ម្យ៉ាងវិញទៀត តាមរយៈតម្លៃនេះលោកជឿថា SLRC នឹងចូលរួមបំពេញបន្ថែមនូវការពង្រឹងសមត្ថភាព ប្រព័ន្ធមីស៊ីលលឿនជាងសំឡេងរបស់យោធាអាមេរិក ក្នុងការទម្លុះចូលទឹកដីសត្រូវ (ក្នុងករណីមានជម្លោះផ្ទុះឡើង) ដោយមានតម្លៃសមរម្យក្នុងពេលបាញ់ចេញម្ដងៗ៕