(វ៉ាស៊ីនតោន)៖ យោធាអាមេរិក មានផែនការបាញ់សាកល្បង ប្រព័ន្ធមីស៊ីលស៊េរីថ្មីចុងក្រោយបំផុតរបស់
ខ្លួន ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតអាវុធ Lockheed Martin និង Raytheon នៅក្នុងខែតុលានេះ។ នេះបើតាម Defence News ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។
យោងតាមគេហទំព័រ Defence News ប្រព័ន្ធមីស៊ីលដែលយោធាអាមេរិកគ្រោងនឹងធ្វើតេស្ដ គឺជាប្រព័ន្ធ មីស៊ីលបាលិស្ទីគ ដែលមានសមត្ថភាពបាញ់កម្ទេចគោលដៅច្រើននៅរយៈចំងាយឆ្ងាយ ព្រមទាំងមាន បំពាក់ប្រព័ន្ធតម្រង់គោលដៅផងដែរ។ ប្រព័ន្ធមីស៊ីលនេះទៀតសោត ត្រូវបានផលិតឡើងដើម្បីជំនួស ប្រព័ន្ធមីស៊ីល Army Tactical Missile System។
គួរជម្រាបថា កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ យោធាអាមេរិក ក៏បានបាញ់សាកល្បងដោយជោគជ័យ ផងដែរនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប Minuteman III ហើយការធ្វើតេស្ដនេះ ធ្វើឡើងបន្ទាប់ពី សហរដ្ឋអាមេរិក និងរុស្ស៊ីដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញានុយក្លែអ៊ែរ INF៕