(ឡុងដ៍)៖ ទីបំផុតនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានចេញដំណើរទៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិកហើយនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយលោកបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ នោះគឺការឯកភាពគ្នានៅក្នុងចង្កោមថ្នាក់ដឹកនាំ អង់គ្លេស ដើម្បីនាំចក្រភពនេះចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ CNN នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងថ្មីខាងលើនេះត្រូវបានបង្កើតឡើងដើម្បីជំនួស កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស់ ពីមុនដែលត្រូវបានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉ាយ (Theresa May)។ លោក បូរីស ចនស៊ុន កំពុងនាំយកលទ្ធផលដ៏មិនគួរឲ្យជឿនេះ ដើម្បីធ្វើការចរចាជាថ្មីជាមួយស្នងការអឺរ៉ុបនៅទីក្រុងព្រុចសែល ក្រោយក្តីសង្ឃឹមថា ការចាកចេញពីអឺរ៉ុបជាផ្លូវការនឹងអាចសម្រេចបាន នៅចុងខែតុលា ឆ្នាំ២០១៩ នេះតែម្តង។
គួរបញ្ជាក់ថា ខណៈលោក បូរីស ចនសុន អាចនឹងទទួលបានកិច្ចព្រមព្រៀង Brexit ថ្មីនៅទីក្រុងព្រុចសែលនោះ អ្នកតាមដានខ្លះក៏បានព្រមានផងដែរថា លោកក៏អាចនឹងត្រូវគេបោះឆ្នោតទម្លាក់ចេញពីតំណែងផងដែរ ដោយសារតែភាពចម្រូងចម្រាស់ខ្លាំងរបស់កិច្ចព្រមព្រៀងថ្មី ដើម្បីចាកចេញពីសហភាពអឺរ៉ុបនោះ ហើយបើសិនជាដូច្នោះមែន លោកនឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស ដែលកាន់អំណាចបានរយៈពេលខ្លីបំផុត ក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស៕