(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីបាននិងកំពុងស្ថិតក្នុងការរឹតបន្តឹង ផ្នែកសន្តិសុខជាខ្លាំងតែម្តង ព្រោះនៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆាប់ៗខាងមុខនេះ គឺជាពេលដែលលោក ចូកូ វីដូដូ (Joko Widodo) ត្រូវចូលស្បថឡើងកាន់តំណែង ជាប្រធានាធិបតីសម្រាប់អាណត្តិទី ២ របស់លោកជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៩។
ការរឹតបន្តឹងសន្តិសុខខ្លាំងខាងលើ ក៏ព្រោះតែរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញមានការវាយប្រហារមួយចំនួនទាំងនៅក្នុងរដ្ឋធានីហ្សាការតា និងបណ្តាតំបន់មួយចំនួននៅទូទាំងប្រទេសឥណ្ឌូណេស៊ី ជាពិសេសសមាជិកក្រុមភេរវករ ISIS ជាច្រើននាក់មកពីស៊ីរីដែលទើបត្រូវបានចាប់ខ្លួន ក្រោយពួកគេធ្វើការវាយប្រហារលើរដ្ឋមន្ត្រីសន្តិសុខ និងបានបណ្តាលឲ្យរងរបួស។ បន្ថែមពីនេះកាលពីខែកញ្ញា ចលនាបាតុកម្មពីក្រុមនិស្សិតឥណ្ឌូណេស៊ី ក៏បានផ្ទុះឡើងផងដែរនៅទីក្រុងហ្សាការតា និងទីក្រុងធំៗមួយចំនួនទៀត ដើម្បីប្រឆាំងទៅនឹងសេចក្តីព្រាងច្បាស់មួយចំនួន ដែលត្រូវបានតាក់តែងឡើងដោយសភាជាតិ។
គួរបញ្ជាក់ថា ការស្បថឡើងកាន់តំណែងរបស់លោក ចូកូ វីដូដូ នឹងត្រូវធ្វើឡើងនៅក្នុង វិមានរដ្ឋសភាស្ថិតនៅកណ្តាលរដ្ឋធានីហ្សាការតា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមាននៃថ្នាក់ដឹកនាំប្រទេសជាមិត្តមួយចំនួន មកពីសមាគមអាស៊ាន ក៏ដូចជាអនុប្រធានាធិបតីចិនលោក វ៉ាង គីសាន (Wang Qishan) និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) ផងដែរ។ ការឡើងកាន់តំណែងជាផ្លូវការនេះ នឹងត្រូវឡើងបន្ទាប់ពីរយៈពេលកន្លះឆ្នាំដែលលោក ចូកូ វីដូដូ បានឈ្នះឆ្នោតនាអាណត្តិទី ២ កាលពីថ្ងៃទី១៧ ខែមេសា៕