(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក មៃក៍ ប៉ុមប៉េអូ បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈជាស្រេច ក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងតួកគី នៅក្នុងករណីចាំបាច់ ខណៈបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី នឹងអស់សុពលភាពនៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នាឱកាសលោកប្រមុខទូតអាមេរិក រូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងចង់បានសន្តិភាព... ប៉ុន្តែបើសិនជាការប្រើប្រាស់កម្លាំងយោធាគឺជារឿងចាំបាច់បំផុត អ្នកទាំងអស់គ្នាប្រាកដជាដឹងថា លោកប្រធានាធិបតី ត្រាំ បានត្រៀមលក្ខណៈរួចជាស្រេច»

គួរបញ្ជាក់ថា លោក ប៉ុមប៉េអូ មិនបានបញ្ជាក់លម្អិតថា តើបន្ទាត់ក្រហមដែលតម្រូវឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងយោធាប្រឆាំងតួកគី ស្ថិតនៅក្នុងកម្រិតណានោះទេ។ ប៉ុន្តែវានឹងក្លាយជារឿងដ៏ចម្លែក បើអាមេរិកវាយប្រហារលើតួកគី ដ្បិតទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ាសុទ្ធតែជាសមាជិកអង្គការ NATO ហើយដែលធម្មនុញ្ញនៃប្លុកមួយនេះបានចែងយ៉ាងច្បាស់ថា ការវាយប្រហារលើសមាជិកណាមួយ គឺជាការវាយប្រហារលើអង្គការ NATO ទំាងមូល ហើយតម្រូវឲ្យប្រទេសជាសមាជិកទាំងអស់ ចាត់វិធានការឆ្លើយតប៕